ចង់រកស៊ីអចលនទ្រព្យឆាប់រហ័សជោគជ័យក្លាយជាអ្នកមានលុយច្រើន ឧកញ៉ា សំ សុខនឿន បង្ហើបប្រភេទអាជីវកម្មត្រូវជ្រើសរើស

ជុំវិញ​ឧកញ៉ា

ជាងមួយទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាកំពុងមានការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងតំបន់អាស៊ាន ក្លាយជាប្រទេសដែលមានភាពទាក់ទាញបំផុតសម្រាប់វិនិយោគគិនធ្វើការបណ្តាក់ទុនលើវិស័យអាទិភាពមួយចំនួន។ ក្នុងនោះវិស័យអចលនទ្រព្យបន្តកើនកំណើនដ៏គួរឲ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈកំណើនដ៏រស់រវើកនេះបណ្តាឲ្យសហគ្រិន អ្នកវិនិយោគ និងប្រជាពលរដ្ឋចាប់ផ្តើមប្រឡូករកស៊ីអចលនទ្រព្យក្នុងរូបភាពផ្សេងៗគ្នា ខណៈអ្នករកស៊ីក្នុងវិស័យនេះកំពុងកាក់កប់កសាងចំណូលប្រាក់ទ្ទង់លានដុល្លារក្លាយជាអ្នកមាន អ្នកឧកញ៉ា ឧកញ៉ា មហាសេដ្ឋីជាច្រើនរួចមកហើយ។

អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានលើកឡើងនូវប្រភេទអាជីវកម្មដែលទាក់ទងនឹងអចលនទ្រព្យដែលធ្វើឲ្យអ្នករកស៊ីឆាប់ជោគជ័យ ឬសាងទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស។ តែយ៉ាងណា ក៏ត្រូវប្រើប្រាស់នូវជំនាញ និងទេពកោសលរៀងខ្លួន រួមជាមួយនឹងដើមទុនផងដែរ។

ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា នៅម្ពុជាមានប្រភេទអាជីវកម្មចំនួន ៥ ទាក់ទងអចលនទ្រព្យ រួមមាន៖ ១. អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ២. អ្នកវិនិយោគអចលនទ្រព្យ ៣. ភ្នាក់ងារអចលនទ្រព្យ ៤. អ្នកវាយតម្លៃអចលនទ្រព្យ ៥. អ្នកគ្រប់គ្រងអចលនទ្រព្យ។

លោកបានពន្យល់ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាល់តែគាត់មានលុយច្រើនទើបរកស៊ីបាន ប៉ុន្តែក៏ឆាប់មានបានដូចគ្នា។ ដោយឡែកភ្នាក់អចលនទ្រព្យវិញ មិនចាំបាច់ត្រូវការលុយច្រើនធ្វើការងាររកស៊ីនោះទេ ចំណែកឯអ្នកវាយតម្លៃអចលនទ្រព្យក៏ដូចគ្នា។

សូមជម្រាបថា អ្នកខ្លះប្រឡូកក្នុងទីផ្សារអចលនទ្រព្យចាប់ផ្ដើមពី ក្រក្លាយទៅជាមហាសេដ្ឋី អ្នកខ្លះពីមានលុយតិចក្លាយទៅជាមានលុយច្រើន។ ប៉ុន្តែក៏អ្នកខ្លះទៀតវិនិយោគពីមាន ក្លាយទៅជាក្រ កប់លុយក្នុងផ្ទះ ក្នុងដី ជំពាក់ធនាគារវណ្ឌកក៏មាន។ 

ទាក់ទងនឹងសំនួរក្នុងចំណោមប្រភេទអាជីវកម្មទាំង ៥ មួយណាមានឪកាសចំណេញច្រើនហើយឆាប់ក្លាយជាអ្នកមាន លោកឧកញ៉ាបានលើកឡើងថា អ្នកដែលអាចរកស៊ីបានលុយច្រើនជាងគេ គឺអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកវិនិយោគអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ ប៉ុន្តែ អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគអចលនទ្រព្យត្រូវការដើមទុនច្រើនដើម្បីទិញលក់ដី ហើយក៏ត្រូវការពេលវេលា។

ឧកញ៉ា សំ សុខនឿន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកវិនិយោគអចលនទ្រព្យមានច្រើននៅប្រទេសកម្ពុជា ដែលធ្វើសកម្មភាពទិញលក់ច្រើនជាងគេ ខណៈអ្នកអភិវឌ្ឍន៍អចលនទ្រព្យគឺមានតិចតួចជាងអ្នកទិញលក់ដីទៅទៀត។ ដោយឡែក អ្នកភ្នាក់ងារមិនត្រូវការលុយច្រើនក្នុងការរកស៊ីនោះទេ ប៉ុន្តែពេលខ្លះពួកគាត់ក៏ជាអ្នកវិនិយោគអចលនទ្រព្យដែរ។

រូបភាព៖ លោក សន ដាវីត

សរុបជារួមនៅស្រុកខ្មែរមានចំនួនច្រើនជាងគេ គឺអ្នកវិនិយោគអចលនទ្រព្យ បន្ទាប់ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប៉ុន្តែសួរទាំងអស់ហ្នឹងមួយណាត្រូវមានធនធានថវិកាច្រើនជាងគេ គឺអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាង ទោះបីជា កន្លងមកកម្ពុជាប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្ដែ វិស័យអចលនទ្រព្យរបស់កម្ពុជានៅតែសក្ដានុពលខ្ពស់ និងតម្លៃទាបសម្រាប់ការវិនិយោគ បើធៀបនឹងប្រទេសជិតខាងផ្សេងៗទៀត។ បើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២១ វិស័យអចលនទ្រព្យ រំពឹងមានកំណើនទាបត្រឹម ២,៤% និងបន្ដងើបឡើងដល់ ៤,៨% នៅឆ្នាំ២០២២។

លោកបន្ថែមថា ការងើបឡើងនៃវិស័យអចលនទ្រព្យនេះ ដោយសារតែ​មានការកើនឡើង​ជាសន្សឹមៗ​នូវ​លំហូរទុនវិនិយោគ​ពីក្រៅប្រទេស​ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុដែលមានតម្លៃទាប និងមធ្យម នឹងបន្ដកំណើនល្អប្រសើរ៕