បង្ហាញបញ្ជីឈ្មោះអ្នកជំនួញធំៗច្រើនរូបដាក់សំណើស្នើសុំ និងទទួលបានសិទ្ធិវិនិយោគនៅខេត្តកោះកុង

ជុំវិញ​ឧកញ៉ា

ជាខេត្តដែលមានភាពអំណោយផលនៃទីតាំងភូមិសាស្រ្តជាប់ឆ្នេរសមុទ្រ និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ខេត្តកោះ កុង ដែលមានឆ្នេរសមុទ្រសរុបប្រវែង២៣៧គ.ម កំពុងទាក់ទាញវិនិយោគបន្ថែមទៀត។​ ក្នុងឆ្នាំ២០២១កន្លងទៅ អ្នកឧកញ៉ាគ្រាក់ៗកម្ពុជា ៣រូបរួចមកហើយ ស្នើសុំនិងទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍន៍នានាជាច្រើនកន្លែងលើទឹកដីនៃខេត្តកោះកុង ដើម្បីធ្វើការអភិវឌ្ឍន៍លើកសម្រស់មុខមាត់ខេត្ត ក៏ដូចជាជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនួញធំៗមានឥទ្ធិពលក្នុងសង្គមទាំងនោះរួមមាន អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ា កុក អាន និងអ្នកឧកញ៉ា គិត ម៉េង។

ក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់ មានឈ្មោះថាក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត បានដាក់សំណើរស្នើសុំវិនិយោគសាងសង់កំពង់ផែទឹកជ្រៅមួយកន្លែង នៅលើផ្ទៃដីសរុបចំនួន ៤៩២,៦៤ ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តបានបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងជួយជំរុញវិស័យការដឹកជញ្ជូន តាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ពិសេសអាចនឹងក្លាយជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មសំបូរបែបមួយ ក្នុងខេត្តកោះកុង។

យ៉ាងណា លោក អ៊ុក ភ័ក្រ្តា មិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់នៃការវិនិយោគនិងពេលវេលាអំពីដំណើរការសាងសង់កំពង់ផែទឹកជ្រៅនេះ នៅឡើយទេ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមហ៊ុន បាននឹងកំពុងសិក្សា។ 

ជាមួយគ្នានេះ អ្នកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន  Anco Group ដែលអ្នករកស៊ីដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជា និងជាសមាជិកព្រឹទ្ធសភាកូតាគណបក្សប្រជាជនកម្ពុជា ក៏បានស្នើសុំវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុន អានកូ លើផ្ទៃដីទំហំ ៦.១៤៥,៩៦ ហិកតា ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ លាតសន្ធឹងលើស្រុកចំនួនពីរ គឺស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៃខេត្តកោះកុង។

គម្រោងរបស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ដែលបានជ្រើសរើសទឹកដីនៃខេត្តកោះកុងសម្រាប់ការវិនិយោគគម្រោងពហុបំណងនេះ ត្រូវបានរដ្ឋបាលខេត្តបង្ហាញការគាំទ្រ ហើយរំពឹងថានឹងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ខេត្តកោះកុងបន្ថែមទៀត។

បើតាម អ៊ុក ភ័ក្រ្តា ខេត្តកោះកុង មានគម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើននៅក្នុងតំបន់ស្តុកនៃខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដូចជាព្រលានយន្តហោះតារាសាគរកម្រិត 4E កំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ រួមទាំងគម្រោងអភិវឌ្ឍន៍ដ៏សន្ធឹកសន្ធាប់ផ្សេងទៀត។

លើសពីនេះទៅទៀត តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បាន​សម្រេច​ប្រគល់​ដី​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ស្ថិតនៅភូមិសាស្ត្រ​ឃុំ​តា​នួន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ដែលទំហំរហូតដល់ទៅ ៨ ៦៣១​ ​ហិចតា​ ទៅឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បង្កើតនិង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស។

តាមរយៈ​លិខិត​ដដែល​ ​រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​ក្រសួងបរិស្ថាន​ ត្រូវ​ចុះ​ពិនិត្យ​សិក្សា​អំពី​ទីតាំង ​ដែល​ក្រុមហ៊ុន​បាន​ស្នើ​សុំ​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កោះកុង​ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ដើម្បី​កំណត់​ទីតាំង​ដី​ជាក់ស្ដែង​ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​ក្រុមហ៊ុន​ ក្នុង​ការ​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ចំណែក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ត្រូវ​បំពេញ​បែបបទ​និង​នីតិវិធី​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

សូមជម្រាបជូនថា កាលពីឆ្នាំកន្លងទៅ រដ្ឋបាលខេត្តកោះកុង ចូលរួមជាមួយក្រុមការងារនៃក្រសួងបរិស្ថាន និងឧកញ៉ា ស្រី ចាន់ថន ម្ចាស់គម្រោង ជាអគ្គនាយកក្រុមហ៊ុន ជេត គ្រុប បានចុះពិនិត្យសិក្សាទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស ១០ ហិកតា) ចំនួន ៤គម្រោង ក្នុងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល (តំបន់ខ្នងផ្សារ)។

រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រោយពីក្រុមការងារ បានពិនិត្យទីតាំងជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំនេះសមស្របសម្រាប់ការវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច។ តែក៏សូមអោយម្ចាស់គម្រោងពេលទទួលបានការអនុញ្ញាតវិនិយោគពីរដ្ឋាភិបាល សូមម្ចាស់គម្រោងជួយស្ថាបនាផ្លូវ ១ ខ្សែ ពីទីប្រជុំជនឃុំប្រឡាយចូលមកកាន់ខ្នងផ្សារ និងសូមឲ្យមានការថែរក្សាបរិស្ថាន និងការគ្រប់គ្រងសំរាម និងសំណល់រាវឲ្យបានល្អប្រសើរ៕