អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបប្រកាសកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដែលអភិវឌ្ឍន៍លំនៅឋានតម្លៃទាប និងក្រោមមធ្យម របស់លោក បាននឹងកំពុង ក៏ដូចជាត្រៀមនឹងពង្រីកខ្លួនដល់រាជធានី-ខេត្ត ចំនួន ១០ ទូទាំងប្រទេសកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។


អ្នកឧកញ៉ា វ័យក្មេង ល្បីល្បាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ “ចំពោះលំនៅដ្ឋានដែលមានតម្លៃទាបក្រោមមធ្យម បុរីឡេង ណាវ៉ាត្រា បានដំណើរការឈានមុខគេនៅកម្ពុជា នាពេលបច្ចុប្បន្ន និងពេលអនាគត បុរីឡេង ណាវ៉ាត្រា បាននឹងកំពុងអភិវឌ្ឍគម្រោងនៅរាជធានី-ខេត្ត ចំនួន 10 រួមមាន៖ ភ្នំពេញ កណ្ដាល កំពត កំពង់ស្ពឺ ព្រះសីហនុ សៀមរាប បន្ទាយមានជ័យ តាកែវ បាត់ដំបង និងកំពង់ឆ្នាំង លើផ្ទៃដីអភិវឌ្ឍសរុបជាង1 ម៉ឺនហិកតា ក្នុងពេលខាងមុខនេះ”។

ការពង្រាយទីតាំង និងសាងសង់លំនៅឋានតម្លៃទាប និងក្រោមមធ្យម នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាផ្លែផ្កាដែលកើតចេញពីការកសាងទំនុកចិត្តពេញទំហឹង រវាងក្រុមហ៊ុន និងអតិថិជន។



“ការសម្រេចបានជាប្រវត្តិសាស្ត្រការលក់គម្រោងលំនៅឋានតម្លៃទាប ក្រោមមធ្យម របស់គម្រោងបុរី ឡេង ណាវ៉ាត្រា បានលក់និងកំពុងសាងសង់បញ្ចប់ជូនអតិថិជនបានរាប់ម៉ឺនល្វែង។ ក៏ព្រោះតែអតិថិជនជឿជាក់ទៅលើ តម្លៃទាបបំផុតក្នុងតំបន់ ដោយរក្សាបាននូវគុណភាពខ្ពស់ រួម ជាមួយនឹងការធានាគុណភាពសំណង់ រយៈពេល 4 ឆ្នាំ”។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងបន្ថែម។



នៅចំពោះមុខ និងទំនួលខុសត្រូវ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ផ្នែកលំនៅឋាន ដោយយកចិត្តទុកដាក់ខ្ពស់ទៅនឹងជីវភាពបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រោមមធ្យម ឱ្យពួកគាត់អាចមានលទ្ធភាពទិញរស់នៅបាន ក្រុមហ៊ុន បានបង្ហាញជំហយ៉ាងម៉ឹងម៉ាត់ និងការប្ដេជ្ញាចិត្តថា នឹងព្យាយាមរិះរកយុទ្ធសាស្ត្រយ៉ាងណា ដើម្បីអាចផ្ដល់ជូនការទូទាត់និងតំលៃល្អបំផុតជូនអតិថិជន និងប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណា ឱ្យមានលទ្ធភាពទិញលំនៅដ្ឋានតម្លៃសមរម្យ រស់នៅគ្រប់ៗគ្នា ដើម្បីជាការចូលរួមជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕


