សហព័ន្ធស្រូវអង្ករកម្ពុជា កំណត់គោដៅនាំចេញក្នុងឆ្នាំ​២០២២ លើបរិមាណ ៧៥ម៉ឺនតោន នេះបើទូកុងតែន័រមានគ្រប់គ្រាន់

ជុំវិញ​ឧកញ៉ា

ទោះបីស្ថិតនៅក្នុងកាលៈទេសៈប្រឈមនៃការរីករាលដាលជំងឺកូវី-១៩ ក៏ដោយការនាំចេញស្រូវនិងអង្ករសរុបបានចំនួនជាង​ ១ ២០០ លានដុល្លារសហរដ្ឋអាមេរិក ឬចំណូលពីការនាំចេញជាមធ្យមប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិក្នុងមួយខែ ដែលជាប្រភពចំណូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី២៣ កុម្ភៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា បើទោះស្ថានការណ៍នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-​១៩ យ៉ាងណាក៏ដោយ វិស័យនាំចេញអង្ករកម្ពុជា បានធ្វើការនាំចេញសរុបចំនួន ៦១៧,០៦៩ តោន គិតជាទឹកប្រាក់មានចំនួន ៤១៨.១៥ លានដុល្លា​រ​សហរដ្ឋ​អាមេរិក។ ចំណែក ការនាំស្រូវចេញបានចំនួន ៣ ៥២៧ ៤១៨ តោន ស្មើនឹងទឹកប្រាក់ប្រមាណជា ៨៤៥.៩៥​ លាន​ដុល្លា​រ​សហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញអំពីការសម្រេចការងារបានក្នុងឆ្នាំ ២០២១ លើការជំរុញការនាំចេញ បើទោះបីជាស្ថិតក្នុងបរិបទនៃការីករាលដាលនៃជំងឺកូវីដ-១៩​ ក៏ដោយ និងការកំណត់គោដៅសម្រាប់ការនាំចេញក្នុងឆ្នាំ​២០២២ លើបរិមាណ ៧៥ម៉ឺនតោន ដែលការងារសំខាន់ គឺធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយគ្រប់ស្ថាប័ន អង្គការអន្តរជាតិ នានា។

ឧកញ៉ា សុង​ សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានធ្វើការស្ទាបស្ទង់ពីលទ្ធភាពនៃការកិនកែច្នៃលើបរិមាណ ៧៥ ម៉ឺនតោននេះ គឺមានសមត្ថភាពគ្រប់គ្រាន់លើការកិន-កែច្នៃ និងការស្តុកទុក បើស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្បើយ ហើយមានទូកុងតែន័រគ្រប់គ្រាន់ និងការដឹកជញ្ជូនតាមផែសមុទ្រវិលមករកប្រក្រតីភាពវិ​ញ​​។

លោកថ្លែងថា មូលដ្ឋានទីផ្សារ គឺយើងមានហើយ ជាពិសេសប្រទេសចិន ប្រមាណជា ៤០ម៉ឺនតោនក្នុងដៃ ទីផ្សារសហគម​ន៍អឺរ៉ុបបានបើកទូលាយ ចំណែកទីផ្សារប្រទេសអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ព្រុយណេ និងទីផ្សារផ្សេងៗទៀតដូចជា ប្រទេសអូស្ត្រាលី ហ្កាប៊ុង ជាដើម៕