ក្រោយទទួលការរិះគន់ថាតម្លៃសាងសង់ស្ពានអាកាសថ្មើរជើងនៅខេត្តកំពង់ស្ពឺមានតម្លៃថ្លៃហួសប្រមាណ និងអ្នកខ្លះទៀតលើកយកទៅប្រៀបធៀបជាមួយស្ពានអាកាសថ្មើរជើងនៅថៃ ដែលពុំមានប្រភពច្បាស់លាស់ថាសង់អស់ ៥ ម៉ឺនដុល្លារ ទីបំផុតលោកជំទាវឧកញ៉ា សៀង ចាន់ហេង ជានាយិកាក្រុមហ៊ុនហេងអភិវឌ្ឍបានចេញមកចូលរួមផ្តល់យោបល់ហើយ។

លោកជំទាវបានចូលទៅ Comment ឆ្លើយតបនឹងការរិះគន់យ៉ាងដូច្នោះថា៖ “យើងមិនចង់ឈ្នះចង់ចាញ់អីទេ បើស្ពាននៅថៃគេសាងសង់ម៉ូតនោះតម្លៃ ៥ ម៉ឺន ដុល្លារ យើងឲ្យ ៧ ម៉ឺន ដុល្លារ ឲ្យហៅក្រុមរិះគន់នោះទៅហៅក្រុមហ៊ុននោះមកសាងសង់ឲ្យយើង ដាក់នៅខេត្តកំពង់ស្ពឺ ២ កន្លែងទៀតផង តែប្រយ័ត្ន តែហៅក្រុមហ៊ុនថៃមកកសាងមិនបានទេនោះ គួរតែបីកំផ្លៀងរាប់មួយទេមើលទៅ”។


គួររំឭកថារឿងរ៉ាវនៃស្ពានអាកាសថ្មើរជើងមួយនេះ ហាក់កំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ប៉ុន្តែអ្វីដែលសោកស្តាយគឺបងប្អូនប្រជាពលរដ្ឋខ្លះនៅតែបែងចែកមិនដាច់ស្រឡះរវាងលុយឧបត្ថម្ភរបស់ម្ចាស់ជំនួយនិងលុយរដ្ឋ ពោលគឺស្ពានអាកាសថ្មើរជើងនេះសោតជាជំនួយឧបត្ថម្ភរបស់លោកជំទាវ សៀង ចាន់ហេង ហើយមិនមែនជាការចាយវាយថវិការដ្ឋដូចប្រភពមួយចំនួនលើកឡើងនោះឡើយ៕



ប្រភព៖ KhmerNote