ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចទីស្នាក់ការកណ្តាលសហព័ន្ធធុរជនឧស្សាហកម្មតួកគី នៅទីក្រុងអាំងការ៉ា សាធារណរដ្ឋតួកគី និងជួបពិភាក្សាការងារជាមួយ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈម្សិលមិញ។
លោក Ferudun Cevahiroglu បានថ្លែងថា លោករីករាយក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា ក្នុងនោះ លោកស្នើឲ្យមានកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យសំណង់ ថាមពល ធនធានរ៉ែ និង បច្ចេកវិទ្យា។
លោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រយូរលង់ និងមានសក្តានុពលខ្ពស់ ហេតុនេះ លោក សង្ឃឹមថាធុរជននៃប្រទេសទាំងពីរ នឹងអាចអភិវឌ្ឍគម្រោងរួមគ្នាក្នុងវិស័យសំខាន់ៗ។ លោកបញ្ជាក់នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅកម្ពុជា។
ថ្លែងក្នុងជំនួបនេះឧកញ៉ា លឹម ហេង មានប្រសាន៍គាំទ្រចំពោះ ការអភិវឌ្ឍគម្រោងរួមគ្នា ក៏ដូចជាការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ និងស្វាគមន៍ចំពោះ ការបំពេញទស្សនកិច្ចទៅកម្ពុជារបស់ លោក Ferudun Cevahiroglu និងគណៈប្រតិភូធុរកិច្ច។
លោកបន្តសភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ សហព័ន្ធធរុជនឧស្សាហកម្មតួកគី ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ។
លើសពីនេះ អនុប្រធានសភាពាណិជ្ជកម្កម្ពុជារូបនេះ ក៏បានបង្ហាញផងដែរពីទីតាំងភូមិសាស្ត្រដ៏អំណោយផលរបស់កម្ពុជា ដែលស្ថិតនៅចំកណ្តាលអាស៊ាន និងមានទីផ្សារដ៏ទូលំទូលាយដែលវិនិយោគិនអាចនាំផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារចិន កូរ៉េ អាមេរិក អង់គ្លេស សហគមន៍អឺរ៉ុប និងអាស៊ាន ដោយមិនជាប់ពន្ធនិងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន៕