ឧកញ៉ា លឹម ហេង៖ ប្រទេសតួកគី គឺជាច្រកចូលដ៏សំខាន់សម្រាប់ផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប

ជុំវិញ​ឧកញ៉ា

លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានសម្តែងនូវទឹកចិត្តសោមនស្សរីករាយដែលបានជួបដោយផ្ទាល់ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងបានរំលឹកពីការរៀបចំវេទិកាធុរកិច្ចកម្ពុជា-តួកគីតាមប្រព័ន្ធអនឡាញប្រកបដោយជោគជ័យកាលពីខែកញ្ញាឆ្នាំ២០២១ កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបជាមួយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Ferudun Cevahiroglu បញ្ជាក់ថា សហព័ន្ធធុរជនឧស្សាហកម្មតួកគី ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ ភាគីកម្ពុជាទៅលើវិស័យសំខាន់ៗរួមមានដូចជា សំណង់ ថាមពល ធនធានរ៉ែ និង បច្ចេកវិទ្យា ដោយផ្តើមចេញពីការអនុវត្តគម្រោងរួមគ្នា ជា BOT ឬ PPP។

លោកបន្ថែមទៀតថា រាល់គម្រោងសហប្រតិបត្តិការទាំងអស់ នឹងត្រូវធ្វើឡើងតាមរយៈស្ថានទូតខ្មែរនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរជនឧស្សាហកម្មតួកគី។ លោកថា លោកនឹងដឹកនាំគណៈប្រតិភូធុរកិច្ចទៅបំពេញទស្សនកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង ក៏បានគូសបញ្ជាក់ថាប្រទេសកម្ពុជា និងតួកគីសុទ្ធតែមានអរិយធម៌រុងរឿង និងមានកិច្ចសហប្រតិបត្តិការល្អទាំងសេដ្ឋកិច្ច នយោបាយ និងការទូត។ លោកថា ប្រទេសតួកគី គឺជាច្រកចូលដ៏សំខាន់សម្រាប់ផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប ចំណែកឯ កម្ពុជាមានទីតាំងភូមិសាស្ត្រស្ថិតនៅកណ្តាលតំបន់អាស៊ាន ដែលជាច្រកចូលដ៏សំខាន់សម្រាប់ផលិតផលតួកគី។

ឧកញ៉ា បន្ថែមថា កម្ពុជាមានទីផ្សារទូលំទូលាយដែលវិនិយោគិនអាចនាំផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលមានប្រជាជនសរុបស្មើនឹង ៣០% នៃចំនួនប្រជាជនទូទាំងពិភពលោក ព្រមទាំងអាចនាំផលិតផលទៅកាន់ ចិន កូរ៉េ អាមេរិក អង់គ្លេស សហគមន៍អឺរ៉ុប និងអាស៊ាន ដោយមិនជាប់ពន្ធ។

ទន្ទឹមនឹងនោះ លោកឧកញ៉ាក៏បានអញ្ជើញធុរជន និងវិនិយោគិនតួកគី ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពនានា ទៅតាមវិស័យរៀងៗខ្លួន។ ខណៈប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងស្តីពីការការពារនិងជំរុញការវិនិយោគ និងបានកំណត់គោលដៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មយ៉ោងហោចណាស់ ៥០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕