ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រកាសឆ្លងកូវីដ ក្នុងពេលកំពុងធ្វើដំណើរបេសកកម្មធុរកិច្ចនៅប្រទេសតួកគី។
ឧកញ៉ាបានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា ចប់បេសកកម្មធុរកិច្ចថានឹងបានត្រឡប់ទៅស្រុកវិញ តែបែរជាល្បង កូវីដ១៩ ឃាត់ឲ្យសំរាកនៅអូតែល៧ ថ្ងៃ ដើម្បីព្យាបាលឱ្យជាសិន។
បើតាមឧកញ៉ា ការឆ្លងនេះដោយសារការទទួលស្វាគមន៍រាក់ទាក់ស្និទ្ធស្នាលខ្លាំងពេកពីសំណាក់ធុរជនតួកគី ដែលមិនអាចបដិសេធបាន។
កម្ពុជាបានសម្ពោធជាផ្លូវការស្ថានឯកអគ្គរាជទូតប្រចាំនៅប្រទេសតួកគី។ ការបើកសម្ពោធជាផ្លូវការស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា កម្ពុជា-តួកគី ប្តេជ្ញាសម្រេចឱ្យបានដល់គោលដៅចំនួន១ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងលោក Mevlut Çavusoglu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើទស្សនកិច្ច នៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២។