អ្នកជំនួញដែលមានងារជាអ្នកឧកញ៉ាពីរនាក់ បានបញ្ចេញឧទ្ធម្ភចក្រប្រើប្រាស់ក្នុងអាជីវកម្ម និងបម្រើតម្រូវការផ្ទាល់ខ្លួន។
ក្រុមហ៊ុនជីបម៉ុង ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកអចលនទ្រព្យ បដិសណ្ឋារកិច្ច ភេសជ្ជៈ វិស័យលក់រាយ និងធនាគារ កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រ Bell 429 សម្រាប់គោលបំណងដឹកជញ្ជូន និងជួលសម្រាប់ការប្រើប្រាស់ឯកជន។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ក្រោយទទួលបានឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបគោលបំណងគឺដើម្បីបម្រើដល់អាជីវកម្មរបស់ក្រុមហ៊ុនដែលកំពុងរីកចម្រើន។
ក្រុមហ៊ុនជីប ម៉ុងកំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រ Bell 429 រួមជាមួយយន្តហោះ Bell 505s ពីរផ្សេងទៀត ដែលក្រុមហ៊ុននឹងយកទៅបម្រើអតិថិជននៅក្នុងវិស័យឧស្សាហកម្ម បដិសណ្ឋារកិច្ច និងអចលនទ្រព្យ។
ឧទ្ធម្ភាគចក្រ Bell 429 មានចំនួនជាង ៤០០គ្រឿង ត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក។ យន្តហោះនេះគឺជាឧទ្ធម្ភាគចក្រម៉ាស៊ីនភ្លោះតូចមួយ ដែលទទួលបានជោគជ័យបំផុតនៅលើទីផ្សារ ចាប់តាំងពីទទួលបានវិញ្ញាបនបត្រក្នុងឆ្នាំ ២០០៩ ។ Bell 429 មានភាពល្បីល្បាយដោយសារមានល្បឿនពិសេស និងការចំណាយទាប។
ដោយឡែកសេដ្ឋីវ័យក្មេងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏ទើបតែបញ្ចេញរូបរាងឧទ្ធម្ភាគចក្រដែលមានរំលេចឈ្មោះអ្នកឧកញ៉ាលើនោះទៀតផង។
នៅប៉ុន្មានថ្ងៃមុននេះ អ្នកឧកញ៉ាបង្ហោះពីរូបរាងឧទ្ធម្ភចក្រ ក្នុងពេលត្រូវចុះទៅពិនិត្យគម្រោងអភិវឌ្ឍនៅខេត្តបាត់ដំបង។
បើតាមអ្នកឧកញ៉ា ការប្រើប្រាស់ឧទ្ធម្ភចក្រ ជួយសន្សំពេលវេលា និងដោះស្រាយបញ្ហាការងារបានទាន់ពេលវេលា។
ប្រមុខរដ្ឋាភិបាលកន្លងទៅនេះក៏បានលើកទឹកចិត្តដល់អ្នកមានក្នុងស្រុក ឲ្យទិញឧត្ថម្ភាគចក្រជិះដើម្បីសម្រួលដល់ការងារធុរៈកិច្ចរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវឌ្ឍនៈកាពីតាល់ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨។
សម្តេចតេជោបានបញ្ជាក់ពីតម្លៃឧត្ថម្ភាគចក្រមួយគ្រឿង ត្រឹមតែ៥លានដុល្លារប៉ុណ្ណោះ។ ដូចនេះអ្នកដែលមានលទ្ធភាព ជាសេដ្ឋី ជាឧកញ៉ា គួរតែទិញជិះដើម្បីសម្រួលដល់ការធ្វើដំណើរ។ ក្រៅពីទិញប្រើប្រាស់ផ្ទាល់ខ្លួន ក៏ជាមធ្យោបាយល្អមួយសម្រាប់ជួយដល់រាជរដ្ឋាភិបាល ក្នុងការអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅពេលមានគ្រោះធម្មជាតិផ្សេងៗ។
បើតាមប្រភពដែលឧកញ៉ាញូសន៍ទទួលបាន បច្ចុប្បន្ននេះមានឧកញ៉ាលំដាប់ៗមួយចំនួនដែលមានឧទ្ធម្ភចក្រប្រើប្រាស់ផ្ទាល់ខ្លួន។
អ្នកឧកញ៉ាទាំងនោះមាន អ្នកឧកញ៉ា ហុង ពីវ លោកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប អ្នកឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅ យាភូ អ្នកឧកញ៉ា ហៀក សុភាព ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា ចេន ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ជាដើម៕