នៅថ្ងៃទី ៨មីនានេះជាទិវាសិទ្ធិនារីអន្តរជាតិ អ្នកឧកញ៉ា គិត ម៉េង បានបង្ហើបនូវពាក្យលើកទឹកចិត្តរបស់លោកជំទាវឧត្តមភរិយា ម៉ៅ ចំណាន ដែលតែងតែប្រាប់ជំរុញលើកទឹកចិត្តទៅស្រ្តីជុំវិញខ្លួនថា «សូមធ្វើជាស្ត្រីរឹងមាំម្នាក់ ដូច្នេះកូនស្រីរបស់អ្នកនឹងមានគំរូស្ត្រីរឹងមាំ ហើយកូនប្រុសរបស់អ្នកនឹងយល់ដឹងពីរបៀបដែលស្ត្រីរឹងមាំរស់នៅក្នុងជីវិតរបស់គាត់ ហើយកូនប្រុសរបស់អ្នកនឹងរៀនពីរបៀបគោរពស្ត្រីជាទូទៅ។»

បើតាមអ្នកឧកញ៉ា លោកជំទាវក៏តែងតែអប់រំកូនស្រីរបស់លោកជំទាវថា «មនុស្សស្រីមិនចាំបាច់ចូលចិត្តពណ៌ផ្កាឈូក ដើម្បីធ្វើជាមនុស្សស្រីនោះទេ។ យើង មិនគួររស់នៅដោយកត្តាកំណត់ណាមួយដែលបង្ហាញថា យើងជាមនុស្សស្រីនោះទេ។ កូនអាចមាន ចំណង់ចំណូលចិត្តរបស់កូន មានក្តីស្រមៃរបស់ខ្លួន មានភាពក្លាហាន និងនៅតែអាចជាស្ត្រីដែលផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់”។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដែលពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខ្ញុំសូមទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ស្ត្រីដែលបានបង្ហាញពីសមត្ថភាពរបស់ពួកគាត់នៅក្នុងសង្គម ដោយពួកគាត់មិនត្រឹមតែជាអ្នកចិញ្ចឹមបីបាច់ និងស្ត្រីមេះផ្ទះប៉ុណ្ណោះទេ ប៉ុន្តែ ពួកគាត់ក៏ជាស្ត្រីដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញអាជីពការងារផ្សេងៗផងដែរ។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ក៏បានកោតសរសើរដល់ក្រុមការងារស្ត្រីទាំងអស់ដែលប្រកបដោយសមត្ថភាពនៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។ អ្នកឧកញ៉ាថ្លែងថា សូមអរគុណចំពោះការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់អ្នក និងចំពោះការបង្កើតឱ្យមានឱកាសស្មើៗគ្នា។ ហើយសូមវាយតម្លៃខ្ពស់ចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមជាផ្នែកនៃការផ្លាស់ប្តូរវិជ្ជមានរបស់ រ៉ូយ៉ាល់ គ្រុប នៅក្នុងប្រទេសកម្ពុជា។
លើសពីនេះទៅទៀត អ្នកឧកញ៉ាក៏បានផ្ញើសារជូនចំពោះស្រ្តីទាំងអស់ដែលជាសសរស្តម្ភដ៏រឹងមាំបង្កើតគ្រួសារ សង្គម និងពិភពលោករួមគ្នា៕