អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានចូលរួម និងធ្វើបទអន្តរាគមន៍អំពីទិសដៅអាទិភាពរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១២ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសនៃ កិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញនូវការអបរអរសាទរចំពោះការផ្តល់សច្ចាប័នដោយប្រទេសចំនួន១១ ទៅលើកិច្ចព្រមព្រៀងភាពជាដៃគគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។ អ្នកឧកញ៉ា សង្ឃឹមថា ប្រទេសផ្សេងទៀតនឹងផ្តល់សច្ចាប័នក្នុងពេលឆាប់ៗខាងមុខ។
អ្នកឧកញ៉ាគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដែល ”ឈានមុខគេ” ក្នុងការប្រើប្រាស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីនាំផលិតផលស្បែកជើងទៅកាន់ប្រទេសចិន។
បើតាមក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងអាចនាំចេញទំនិញ ដល់ប្រទេសចំនួន១៥ ដែលរួមមានសមាជិកអាស៊ាន ទាំង១០ និងប្រទេសដៃគូអាស៊ានដែលរួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវែលហ្សេឡង់ ដែលស្មើនឹង ២៨%នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។ មុខ ទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូល ប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យម ជាង៩០ភាគរយសម្រាប់កម្ពុជា។
ក្រៅពីទទួលបានអត្ថប្រយោជន៍ពីការនាំចេញ កម្ពុជាក៏ ទទួលបាននូវអត្ថប្រយោជន៍បន្ថែមដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលមានកម្ពុជាជាសមាជិកដែរនោះ បានចូលជាធរមាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីចរចាជិត១០ឆ្នាំ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំសរុបប្រមាណ ២៦.២ទ្រីលានដុល្លារនេះ នឹងអនុញ្ញាតឲ្យកម្ពុជារួចពន្ធលើទំនិញជាច្រើនពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្មជាដើម៕