អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ប្អូនស្រីបង្កើត ឧកញ៉ា អុឹង គីមហុង កាលពីថ្ងៃទី១៣ ខែមីនា នេះ បាននាំយកកាដូដ៏មានអត្ថន័យ មិនអាចបំភ្លេចបានជូនគូស្វាមីភរិយាថ្មី នោះគឺចំណងដៃ ជាផ្ទះវីឡាកូនកាត់ក្នុងគម្រោងបុរីឡេង ណាវ៉ាត្រា នៅផ្លូវជាតិលេខ 6A មួយខ្នង ព្រមទាំងថវិកាកួចដៃមួយចំនួនធំ។



ឧកញ៉ា អុឹង គីមហុង ដែលត្រូវបានមហាជនស្គាល់ច្បាស់ថា ជាមិត្តភ័ក្តិដ៏ស្និតស្នាលបំផុត និងរាប់អានគ្នាជាមួយគ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដូចបងប្អូនបង្កើត និងគ្រួសារតែមួយ បានរៀបរាប់ថា៖ “អរគុណអ្នកឧកញ៉ាឡេងណាវាត្រា និងលោកជំទាវ ជូនចំណងដៃមង្គលការប្អូនស្រី ផ្ទះវីឡា១ខ្នងនៅផ្លូវជាតិ៦Aនិងថវិកាមួយចំនួនទៀត”។


ទោះបីជា ឧកញ៉ា អុឹង គីមហុង មិនបានបញ្ជាក់ជាសាធារណៈនូវចំនួនថវិកា ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចងដៃប្អូនស្រីលោកក្ដី ប៉ុន្តែតាមរយៈការសាកសួរដោយផ្ទាល់ពីក្រុមការងារ Oknha News អគ្គនាយកក្រុមហ៊ុន TLL Real Estate Co., Ltd រូបនេះ បង្ហើបថា ក្រៅពីចងដៃផ្ទះវីឡាកូនកាត់នៅផ្លូវ 6A មួយខ្នងហើយ អ្នកឧកញ៉ាចិត្តទូលាយ ឡេង ណាវ៉ាត្រា ថែមទាំងចងដៃជាថវិកាដល់ប្អូនស្រីលោក ប្រមាណជិត ១០ម៉ឺនដុល្លារ ផងដែរ។



ឧកញ៉ា អុឹង គីមហុង ក៏បានបង្ហាញពីអារម្មណ៍រំភើប និងមនោសញ្ចេតនា រវាងលោក និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា ពួកគាត់រាប់អានគ្នាដូចបងប្អូនបង្កើតអ៊ីចឹង ហើយមិត្តភាពនេះ គឺមិនអាចកាត់ថ្លៃបានឡើយ៕

