ជាអ្នកជំនួញផ្នែកអចលនទ្រព្យមួយរូប ឧកញ៉ា សុខ ស្រស់ គឺជាប្រធានសភាពាណិជ្ជកម្មដែលគ្រប់គ្រងខេត្តចំនួនពីរគឺខេត្តកណ្ដាលនិងខេត្តកំពង់ឆ្នាំង។
មានទីលំនៅក្នុងខេត្តកណ្តាល ឧកញ៉ា សុខ ស្រស់ បានប្រាប់ឧកញ៉ាញូស៍ថា លោកមានឪពុកម្តាយជាអាជីវករនៅក្រុងតាខ្មៅខេត្តកណ្តាល ហើយក៏ជាស្រុកកំណើតរបស់លោកដែរ។
បើតាមឧកញ៉ា លោកបានទទួលគោរមងារជាឧកញ៉ាតាំងពីឆ្នាំ២០១០។ ឧកញ៉ាសុខ ស្រស់ បានបញ្ជាក់ថា ដោយសារការប្រឹងប្រែងសម្រេចបានលើការធ្វើមុខជំនួញ នៅឆ្នាំ២០១៥ លោកទទួលបានការទុកចិត្ត បោះឆ្នោតគាំទ្រកាន់តួនាទីជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានសំឡេងគាំទ្រពីសមាជិកចូលរួមបោះឆ្នោតច្រើនជាងគេ។ នៅឆ្នាំ២០២០ លោកក៏ជាប់ជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងនៅអណ្ណតិទីពីរបន្តទៀត។
ក្រៅពីដឹកនាំការងារជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ឧកញ៉ា សុខ ស្រស់ ក៏មានតួនាទីជាអនុប្រធានសភាពពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងតួនាទីដឹកនាំសភាពាណិជ្ជកម្មខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង លោកមានភារកិច្ចចូលរួមជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់អ្នករកស៊ី និងជួយគាំទ្រការងារផ្នែកសង្គម រួមទាំងជួយលើកិច្ចការងារកាកបាទក្រហមផងដែរ៕