អង្គការតម្លាភាពកម្ពុជា សម្រេចមិនផ្សព្វផ្សាយរូបភាពវីឌីអូគ្រប់ទម្រង់របស់ស្ត្រីឆ្នើម២រូបមកពីវិស័យកីឡានិងជំនួញ បន្ទាប់ពីមានការស្នើសុំព្រោះបារម្ភពីការពាក់ព័ន្ធនយោបាយ។
ស្ត្រីទាំង២នាក់នោះគឺ ឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី និងជាប្រធានសមាគមនសហគ្រិនស្ត្រីកម្ពុជា និងលោកស្រី កែវ ឡេង កីឡាការិនីប៉េតង់កម្ពុជា ដែលបានស្នើទៅអង្គការតម្លាភាពកម្ពុជាកាលពីថ្ងៃទី៩មីនា អោយដកចេញនូវរូបភាពវីឌីអូទាំងអស់ដែលបានសម្ភាសន៍រូចហើយ មិនអោយផ្សព្វផ្សាយអមជាមួយនឹងស្រ្តីមួយចំនួនក្នុងវិស័យនយោបាយ។
ការបារម្ភពាក់ព័ន្ធនយោបាយ ដោយសារតែសមាសភាពស្ត្រីមានឥទ្ធិពលទាំង១០រូបចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ស្ត្រីរបស់អង្គការតម្លាភាពនោះក៏មានដែរលោកស្រី មួរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិផងដែរ។
បន្ទាប់ពីមានការស្នើសុំ អង្គការតម្លាភាពកម្ពុជាបានសម្រេចដកចេញរាល់កម្រង់រូបភាពវីឌីអូខ្លីរបស់ស្ត្រីឆ្នើម២រូបនោះរួចមកហើយដែរ។ ។ បន្ថែមពីនេះ យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ស្ត្រីរបស់អង្គការតម្លាភាព «ស្ត្រីទាំង១០ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា» ដែលគ្រោងរៀបចំសម្ភោធជាមួយវីឌីអូសម្ភាសដទៃទៀតនឹងត្រូវដកចេញ ពោលគឺ នៅសល់ការបង្ហាញពីស្ត្រីចំនួន៨រូបវិញ៕