ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយបើកការហោះហើរថ្មីមកកម្ពុជា ដែលជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់វិស័យដឹកជញ្ជូនផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា ខណៈអ្នកជំនាញរំពឹងពីការជំរុញសន្ទុះនៃការស្ដារវិស័យទេសចរណ៍ឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដែលបានបើកការហោះហើរថ្មីមកកម្ពុជា គឺក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ដែលបានចុះចតលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី១៦ ខែមិនា ក្រោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ រាជធានីបាងកក។
លោកស្រីឧកញ៉ា ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានបង្ហាញសុទិដ្ឋិនិយមថា ការតភ្ជាប់ការហោះហើរត្រង់បាងកក-ភ្នំពេញរបស់ក្រុមហ៊ុន Thai VietJet Air នេះ គឺជាសញ្ញាណដ៏ល្អថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍កម្ពុជា។ នេះក៏ដោយសារប្រទេសកម្ពុជាមានសក្ដានុពលគ្រប់គ្រាន់ ផ្ដល់នូវទំនុកចិត្តក្នុងការបើកជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាស ទោះបីថាក្រុមហ៊ុននេះពុំដែលហោះហើរចូលកម្ពុជាក៏ដោយ។
បើតាមលោកស្រី ការតភ្ជាប់ជើងហោះហើរត្រង់ថ្មីនេះនឹងបង្កលក្ខណៈងាយស្រួល និងភាពសម្បូរបែបដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ មានន័យថា ផ្ដល់នូវជម្រើសច្រើនដល់ភ្ញៀវទេសចរ ហើយក៏ជំរុញការសម្រេចចិត្តរបស់ភ្ញៀវទេសចរកាន់តែខ្លាំងក្នុងការធ្វើដំណើរចូលមកប្រទេសកម្ពុជា។ ម្យ៉ាងទៀត ចំពោះប្រជាជនក៏មិនសូវមានសម្ពាធ ឬមិនចាំបាច់ព្រួយបារម្ភអំពីការខ្វះមធ្យោបាយធ្វើដំណើរ ហើយក៏ពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរបរទេសផ្ទៃក្នុងផងដែរ។
លោកស្រីថ្លែងយ៉ាងដូច្នេះថា៖ «វិស័យទេសចរណ៍ គឺពឹងពាក់ទៅលើវិស័យដឹកជញ្ជូន (ផ្លូវអាកាស) កាលណាមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចូលមកកម្ពុជាកាន់តែច្រើន នោះវានឹងជួយជំរុញការស្ដារវិស័យទេសចរណ៍កាន់តែមានសន្ទុះ»។
លោកស្រីបន្តទៀតថា ភាពសម្បូរបែបនៃការដឹកជញ្ជូនផ្លូវអាកាស ក៏ជំរុញឱ្យទំនាក់ទំនងរវាងទីភ្នាក់ងារទេសចរណ៍ជាមួយភ្ញៀវទេសចរ និងអ្នកដំណើរចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញដែរ។ នៅពេលមានដំណឹងអំពីមធ្យោបាយធ្វើដំណើរសម្បូរបែបបែបនេះហើយ ភ្ញៀវទេសចរនឹងមានការទំនាក់ទំនងសួរនាំអំពីផលិតផលទេសចរណ៍នៅប្រទេសកម្ពុជាឡើងវិញ ជំរុញឱ្យទីភ្នាក់ងារទេសចរណ៍កាន់តែមានឱកាសផ្ដល់ព័ត៌មានជូនភ្ញៀវទេសចរ ផ្សព្វផ្សាយពីផលិតផលទេសចរណ៍ដល់ភ្ញៀវ ឈានទៅដល់ការលក់កញ្ចប់ទស្សនកិច្ចជូនភ្ញៀវឱ្យមកទស្សនានៅប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោកស្រីឧកញ៉ា ឆាយ ស៉ីវលីន បញ្ជាក់បន្ថែមថា ការបើកជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air នេះ នឹងក្លាយជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលកំពុងពិចារណាលើលទ្ធភាពនៃការហោះហើរចូលមកកម្ពុជា ឬកំពុងគិតថាគួរតែហោះហើរចូលមកកម្ពុជានៅពេលណា។ សរុបមកគឺនឹងជួយជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើងផងដែរ៕