អគារសមាគមអ្នកនិពន្ធខ្មែរ ដែលមានសភាពទ្រុឌទ្រោម និងតូចចង្អៀតនោះត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍ ការសាងសង់នឹងត្រូវធ្វើលើទីតាំងចាស់ដដែល។

យោងតាមប្រសាសន៍លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ កន្លងមក អគារសមាគមខ្មែរ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តបទុមវតីរាជធានីភ្នំពេញ និងដាក់ឱ្យប្រើប្រាស់អំឡុងឆ្នាំ ១៩៩៦ បច្ចុប្បន្នស្រុតឥតការ៉ូ ហើយដំបូលធ្លុះធ្លាយជាអន្លើ។ អគារនេះជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្ថែមថា ម្ចាស់ជំនួយលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេង អភិវឌ្ឍន៍បានយល់ព្រមសាងសង់អគារថ្មីទំហំ ១០ម៉ែត្រ គុណ១២ ម៉ែត្រ កម្ពស់មួយជាន់ ខណៈអគារចាស់មានទំហំ ៨ម៉ែត្រ គុណ ១០ម៉ែត្រ។
“ខ្ញុំគិតថា ទឹកចិត្តសប្បុរសលោកជំទាវ សៀង ចាន់ហេង គឺជាការចូលរួមចំណែកលើកកម្ពស់ដល់អ្នកនិពន្ធជំនាន់ក្រោយ ព្រោះអគារចាស់ក្រៅពីទ្រុឌទ្រោម ក៏មានសភាពតូចចង្អៀត ពិបាកសិក្ខាកាមរៀនណាស់”។

យ៉ាងណាលោកបានបន្ថែមថា មុនសាងសង់អគារថ្មីទៅបានក៏ត្រូវមានការឆ្លងយោបល់ ឬយល់ព្រមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ព្រោះថា អគារចាស់ជាអំណោយរបស់សម្តេច។



សមាគមអ្នកនិពន្ធខ្មែរត្រូវបានបង្កើតឡើងនៅថ្ងៃទី ៥ ខែមិនា ឆ្នាំ១៩៥៦។ បន្ទាប់ពីរបបខ្មែរក្រហមសមាគមអ្នកនិពន្ធខ្មែរបានដំណើរការឡើងវិញ ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣។ ពេលនោះគណៈកម្មាធិការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរបានសុំយាង ព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះបរមរតកោដ្ឋគង់ប្រថាប់ជាព្រះប្រធានកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរឡើងវិញដូចកាលពីសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្នសមាគមមានសមាជិក និងសិក្ខាកាមលើសពី ១ ០០០នាក់ និងមានស្នាក់ការនៅវត្តបទុមវតីរាជធានីភ្នំពេញ៕







