ឧកញ៉ា ឃន ឈុនដារ៉ា ដែលគេស្គាល់ជាអ្នកជំនួញវ័យក្មេង ជានាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក និងក្រុមហ៊ុន KOI Thé Cambodia និងជាស្ថាបនិក Tube Café ត្រូវបានបញ្ចូលជាសមាជិកថ្មីនៃសភាពាណិជ្ជកម្មកម្ពុជា។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ាគិត ម៉េង ជាប្រធានបានសម្រេចអនុញ្ញាតិឲ្យឧកញ៉ា ឃន ឈុនដារ៉ា ក្លាយជាសមាជិកថ្មីនៃសភាពាណិជ្ជកម្មកម្ពុជាដែលជាស្ថាប័នប្រមូលផ្តុំដោយបណ្តាញអ្នកជំនួញមកពីគ្រប់វិស័យ។
ឧកញ៉ា ឃន ឈុនដារ៉ា កើតនៅឆ្នាំ១៩៨៩ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យប្រ៊ីស្ដូល (Bristol) ប្រទេសអង់គ្លេស។
ក្រោយបញ្ចប់ការសិក្សាលោកបានសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ដើម្បីបើកហាងតែគជ់មួយនៅទល់មុខវិទ្យាស្ថានភាសាបរទេស ដែលមានឈ្មោះថា KOI នៅអំឡុងឆ្នាំ២០១៤ ជាមួយ ៤នាក់ដែលជាម្ចាស់ដើមទុន។
អតីតនិស្សិតបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងរូបនេះ ក៏ជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ២០១៥ ផងដែរ។ លោកត្រូវបានមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៩។
ឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាកូនប្រសាឧកញ៉ា ហេង សៀ ភរិយារបស់លោកគឺអ្នកស្រី តាំង គីមហៀង។
គិតមកដល់ពេលបច្ចុប្បន្នលោកឧកញ៉ា ឃន ឈុនដារ៉ា ក្តោបក្តាប់មុខជំនួញជាច្រើនរួមមាន៖ នាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក, នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក Tube Café, ហាងលក់កាហ្វេ Yellow cab , ហាងលក់ Pizza, Orkin ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម សម្លាប់សត្វល្អិតតាមផ្ទះ ឬក្រុមហ៊ុន និង KYO ម្ហូបបែបជប៉ុន៕