បុគ្គលជោគជ័យ ៖ មានមនុស្សជាច្រើន ដែលឆ្លងកាត់បទពិសោធន៍បរាជ័យ មុនសម្រេចបានជោគជ័យ។ បុគ្គលដែលជោគជ័យ តែងតែចាត់ទុកឧបសគ្គថា ជាគ្រូបង្រៀនចាំតម្រែតម្រង់ផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ ជាក់ស្តែង ឧកញ៉ា កែវ មុំ ជាស្រ្តីដ៏រឹងមាំម្នាក់ ជួបបរាជ័យ និងដួលជាច្រើនលើក ទម្រាំមានកេរ្តិ៍ឈ្មោះ និងជោគជ័យក្លាយជានាយិការក្រុមហ៊ុនផលិតនំស្រួយ លីលី ដូចសព្វថ្ងៃនេះ។ តើឧកញ៉ា កែវ មុំ មានការតស៊ូបែបណាខ្លះ នៅក្នុងជីវិតជាអ្នកជំនួញ?
នៅពេលដែលបានស្តាប់ការរៀបរាប់ពីឧបសគ្គ និងដំណោះស្រាយខ្លះៗរបស់អគ្គនាយិការក្រុមហ៊ុនផលិតនំស្រួយ លីលី យើងដឹងថា លោកជំទាវឧកញ៉ា កែវ មុំ គឺជាស្រ្តីដ៏រឹងមាំម្នាក់ និងមានការតស៊ូខ្ពស់ ទម្រាំបានជោគជ័យដូចសព្វថ្ងៃនេះ។
បច្ចុប្បន្នលោកជំទាវជាអគ្គនាយិការសហគ្រាសផលិតនំស្រួយលីលី និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា។
លោកជំទាវឧកញ៉ា កែវ មុំ កើតនៅឆ្នាំ ១៩៧៥ នៅខេត្តកំពង់ស្ពឺ ក្នុងភូមិរំដោះថ្មី ជាប់ព្រំប្រទល់ខេត្តតាកែវ។ លោកជំទាវជាកូនទី ៣ នៅក្នុងចំណោមបងប្អូនបង្កើត ៧នាក់ ស្រី ៥ ប្រុស ២ ដែលមានឪពុកម្តាយ ជាអ្នកលក់ដូរបន្តិចបន្តួចប៉ុណ្ណោះនៅជំនាន់នោះ។
ដោយសុខភាពម្តាយមិនអំណោយផល ដែលជាហេតុធ្វើឲ្យយុវតី កែវ មុំ បង្ខំចិត្តឈប់រៀននៅអំឡុងដើមទសវត្សរ៍ ៩០ ត្រឹមមធ្យមសិក្សាទុតិយភូមិប៉ុណ្ណោះ ដើម្បីជួយគ្រប់គ្រងការលក់ដូរអាជីវកម្មខ្នាតតូចក្នុងគ្រួសារ។ ទម្លាប់នេះហើយ ដែលធ្វើឲ្យយុវតី កែវ មុំ ចម្លងនិស្ស័យបណ្តុះគំនិតធ្វើអាជីវកម្មតាំងពីវ័យក្មេង។ ម្យ៉ាងវិញទៀត យុវតី កែវ មុំ មានទស្សនវិស័យមួយ មិនចង់ធ្វើការឲ្យគេ រួមផ្សំជាមួយបទពិសោធន៍មានបន្តិចបន្តួចផង ក៏ផ្តើមអាជីវកម្មជាបន្តបន្ទាប់មក។
ទោះយ៉ាងណា ដំបូងឡើយលោកស្រី កែវ មុំ ធ្លាប់ធ្វើការឲ្យក្រុមហ៊ុនមួយ ដើម្បីយកបទពិសោធន៍ តែបានចិញ្ចឹមចិត្តសម្លឹងមើលឱកាសសម្រាប់ធ្វើអាជីវកម្ម។ លោកជំទាវ បានរំឭកថា «នៅពេលធ្វើការជាមួយក្រុមហ៊ុនសិង្ហបុរីដំបូង ដោយថៅកែក្រុមហ៊ុនបានពន្យល់ណែនាំ និងឲ្យធ្វើជាអ្នកលក់ទំនិញ មានដូចជា ភេសជ្ជៈ ទឹកក្រូច ស្រាបៀរ នំធុង ជាដើម។ នៅពេលនោះហើយ ដែលខ្ញុំ បានសម្លឹងឃើញសក្ដានុពលក្នុងការផលិតនំលក់សម្រាប់ទីផ្សារក្នុងស្រុក»។
ព្រោះតែមើលឃើញពីទំនិញនៅលើទីផ្សារកម្ពុជា ដែលនំាចូលពីបរទេសគ្មានគុណភាព លោកជំទាវ កែវ មុំ ផ្តើមមានគំនិតចង់បង្កើតរោងចក្រផលិតនំ ដែលមានគុណភាពសម្រាប់លក់នៅក្នុងស្រុក។ គំនិតវិជ្ជមានដំបូង ដែលលោកជំទាវគិតឃើញទី១គឺ «បើផលិតបាននៅក្នុងស្រុក អាចផ្តល់ចំណីអាហារ ដែលថ្មីហើយស្រស់សម្រាប់កុមារនៅកម្ពុជា,ទី២ ចំណេញថ្លៃដឹកជញ្ជូន, ទី៣ ផ្តល់ឱកាសការងារដល់កសិករ តាមរយៈបង្កើនការដាំដុះ និងផ្តល់ចំណូលក្នុងគ្រួសារ, ទី៤ ផ្តល់ឱកាសការងារដល់កម្មករ, និងទី៥ ទប់ស្កាត់ការចំណាកស្រុក កាត់បន្ថយភាពក្រីក្រ។ មើលឃើញដូច្នេះ លោកស្រី កែវ មុំ ក៏ចាប់ផ្តើមបង្កើតរោងចក្រផលិតនំស្រួលលីលីឡើង»។
បើតាមលោកជំទាវ កែវ មុំ ការបង្កើតរោងចក្រផលិតនំដំបូងមានការលំបាកខ្លាំង ព្រោះខ្វះបទទាំងពិសោធន៍ ខ្វះទាំងដើមទន់ និងត្រូវចំណាយពេលផ្សព្វផ្សាយឲ្យអតិថិជនស្គាល់ផង។ លោកស្រីប្រាប់ថា៖ « ដោយសារ ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ធ្វើឲ្យមុខជំនួញទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ។ នៅអំឡុងឆ្នាំ ២០០៥ រោងចក្រផលិតនំស្រួយលីលី ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះ និងលក់ដាច់ខ្លាំង»។
បច្ចុប្បន្នរោងចក្រនំស្រួយ លីលី បានក្លាយជាសហគ្រាសផលិតនំស្រួយក្នុង ១ថ្ងៃបានផលិតបានជាច្រើនតោន និងបានផ្ដល់ការងារដល់បុគ្គលិក និងកម្មករខ្មែរជាច្រើនរយនាក់ផងដែរ។
បើតាមលោកជំទាវឧកញ៉ា កែវ មុំ នំស្រួយលីលី មិនត្រឹមតែចរាចរណ៍លក់នៅក្នុងប្រទេសប៉ុណ្ណោះទេ នំនេះក៏នាំចេញចែកចាយទៅក្រៅប្រទេសផងដែរ។
អគ្គនាយិការសហគ្រាសនំស្រួយលីលី ទទួលបានប័ណ្ណសរសើរ និងពានរង្វាន់ជាច្រើនផងដែរ។ នៅឆ្នាំ ២០១៥ លោកជំទាវត្រូវបានបោះឆ្នោតឲ្យជាប់ក្លាយជាប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា។ សមាគមនេះ បង្កើតឡើងគោលបំណងបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្រ្តីនៅកម្ពុជា ឲ្យមានភាពក្លាហាន ដើម្បីមានលទ្ធភាពអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកជំទាវឧកញ៉ា កែវ មុំ មានបុត្រចំនួន ៣នាក់ ស្រី ១ ប្រុស២។ កូនស្រីទី២ ឈ្មោះលីលី អាចនឹងស្នងតួនាទី គ្រប់គ្រងសហគ្រាសនំស្រួយលីលី នាថ្ងៃអនាគត។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ កែវ មុំ៕