ក្រោមការដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ភាព ហៀក មេធំម្ចាស់សម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង រួមទាំងកូនប្រុសឆ្នើមទាំង ២ គឺអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង នៅថ្ងៃទៅ២៨ ខែមីនានេះ បាននាំយកទឹកប្រាក់ដោយផ្ទាល់ចំនួន ៧០០,០០០ដុល្លារអាមេរិក ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា នេះគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលអាចចូលរួមទ្រទ្រង់សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរយើងដែលរងគ្រោះនិងជួបបញ្ហាផ្សេងៗ ស្របតាមប្រធានបទនៃទិវាឆ្នាំនេះគឺ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍”។

តាមរយៈការបរិច្ចាគនេះក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញនូវគោលបំណងដ៏ធំបំផុតរបស់ខ្លួននៃការបរិច្ចាគថវិកានេះគឺ ដើម្បីឱ្យសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
គួររម្លឹកថា ក្រុមហ៊ុន ជីប ម៉ុង តែងឧបត្ថម្ភទៅកាន់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសជានិច្ចកាលបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រដល់យុទ្ធនាការសប្បុរសធម៌របស់រាជរដ្ឋាភិបាល ព្រមទាំងបានដាក់ចេញនូវកម្មវិធីមនុស្សធម៌ជាច្រើន ដើម្បីរួមចំណែកទ្រទ្រង់សង្គមជាតិផងដែរ៕

