ឧកញ៉ា សឿ សុវណ្ណ ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប បានបង្ហើបប្រាប់មុខជំនាញ ៣ ដែលនៅសាលាពុំបានបង្រៀន ដើម្បីចែករំលែកជាការត្រិះរិះពិចារណា។ ជំនាញទាំង ៣ ដែលអ្នកជំនួញមានងារជាឧកញ៉ារូបនេះលើកយកមកណែនាំ ហើយដែលសាលាមិនដែលបង្រៀននោះគឺមាន៖
១. ធ្វើជាសហគ្រិន និងធ្វើជំនួញខ្លួនឯង
២. រកលុយ និងគ្រប់គ្រងលុយ
៣. ដោះស្រាយបញ្ហាអោយល្អមកវិញ នៅពេលដែលយើងបរាជ័យជំនួញ


ឧកញ៉ាសឿ សុវណ្ណ បានផ្តល់ដំបូន្មានកុំផ្តោតតែការងារប្រាក់ខែមួយមុខ គួរចូរធ្វើការបណ្តើរ ចាប់ផ្តើមធ្វើជំនួញបណ្តើរ ប្រសិនបើថ្ងៃអនាគតចង់ក្លាយជាអ្នកជំនួញ ដោយត្រូវចាប់ផ្តើមពីតូចទៅ។
ឧកញ៉ា សឿ សុវណ្ណគឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជាក្រុមហ៊ុន អចលនទ្រព្យ ឃុន សឿ រៀលធី ដែលរកស៊ីលើគម្រោងឡូតិ៍ និង ផ្ទះល្វែងឃុនសឿគ្រុបខូអិលធីឌី និងក្រុមហ៊ុនសាងសង់ យូនីប៊ីលខនស្ត្រាក់សិន ដែលទទួលម៉ៅការសាងសង់គម្រោងអគារ រួមទាំងមានមុខជំនួញជាច្រើនទៀត។ ក្រៅពីពូកែខាងធ្វើជំនួញ ឧកញ៉ាក៏ជាថ្នាក់ដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្សដ៏ពូកែផងដែរ។

គួរបញ្ជាក់ថា ឧកញ៉ាសឿ សុវណ្ណ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១៕