ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានជំរុញនិងលើកទឹកចិត្តដល់បណ្តាអ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវប្រមើលមើលការអភិវឌ្ឍនៅតំបន់ដែលគ្រោងវិនិយោគ និងក្តោបព័ត៌មានអំពីដីស្របច្បាប់ ដើម្បីជៀសវាងទទួលរងនូវការខាតបង់ទាំងទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងពេលវេលា។

បើតាមអ្នកជំនាញរូបនេះ អ្នកអភិវឌ្ឍវិស័យអចលនទ្រព្យត្រូវប្រមើលមើលរដ្ឋអភិវឌ្ឍ ពាណិជ្ជករអភិវឌ្ឍ និងពលរដ្ឋអភិវឌ្ឍ ពីព្រោះនៅពេលដែលដឹងព័ត៌មានអំពីការអភិវឌ្ឍន៍ទាំង ៣ ចំណុចនេះ មានភាពងាយស្រួលបណ្តាក់ទុន។ លោកបន្ថែមថា៖ “គ្រប់គ្នា ត្រូវតែហ៊ានក្រនឹងទិញដី តែដីវាមិនធ្វើឲ្យយើងក្រនោះទេ”។
លោកឧកញ៉ាបានពន្យល់យ៉ាងដូច្នេះថា
ទី១ រដ្ឋអភិវឌ្ឍន៍
ត្រូវចេះប្រមើលមើលលំហូរការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដោយសំឡឹងឱ្យឃើញជាក់ច្បាស់នូវហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងត្រៀមអភិវឌ្ឍតាមដំណាក់នីមួយៗ។
ទី២ ពាណិជ្ជករអភិវឌ្ឍន៍
ពេលបច្ចុប្បន្នពាណិជ្ជករខ្មែរ និងបរទេសកំពុងចាប់ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា។ ពួកគេតែងតែស្វែងរកទិញលក់ដីក្នុងតំបន់កំពុងអភិវឌ្ឍ ឬគ្រោងអភិវឌ្ឍន៍បន្ថែមរបស់រដ្ឋ និងឯកជន ខណៈដែលកាលពីពេលថ្មីៗកន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីឲ្យក្រុមហ៊ុនឯកជន ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ អនុម័តគម្រោងវិនិយោគ សរុបចំនួន៣៧គម្រោង ក្រោមទុនវិនិយោគសរុបរហូត ជិត២៤០០លានដុល្លារអាមេរិកឯណោះ។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ គម្រោងវិនិយោគដែលបានអនុម័តទាំង៣៧គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
ទី៣ ពលរដ្ឋអភិវឌ្ឍន៍
តាមរយៈគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង ច្បាស់ណាស់ថា ប្រជាពលរដ្ឋអ្នកមានលុយទិញច្បាស់ជាសម្រេចចិត្តវិនិយោគទៅលើអាជីវកម្មលក្ខណៈគ្រួសារ ឬជួលឲ្យឈ្មួញរកស៊ី។ ដូចនេះ ការវិនិយោគលើដីធ្លី ត្រូវមើលលំហូរអភិវឌ្ឍដល់កម្រិតណាហើយ សឹមសម្រេចចិត្តបណ្តាក់ទុន។
ឧកញ៉ាថ្លែងបន្ថែមថា អ្នកទិញតែងតែចង់បានលក្ខខណ្ឌរបស់ពួកគេ ដូចជាទិញដីដើម្បីធ្វើពាណិជ្ជកម្ម
ធ្វើលំនៅដ្ឋាន និងកន្លែងកម្សាន្តជាដើម។
អ្នកជំនួញដីធ្លីដែលទទួលបានចំណាប់អារម្មណ៍ពីអ្នកជំនួញក្នុងវិស័យអចលនទ្រព្យដូចគ្នារូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការអភិវឌ្ឍអចលនទ្រព្យ ដើម្បីឆាប់បានចំណេញរហ័ស ត្រូវតែជាអ្នកត្រូវចេះមើលជុំវិញក្រុង ដែលជាពេលវេលាស័ក្តសមបំផុតសម្រាប់ការធ្វើការវិនិយោគ៕

