លោកឧកញ៉ា នួន រិទ្ធី ជាបុគ្គលម្នាក់ ដែលកើតក្នុងត្រកូលគ្រួសារក្រីក្រតែខំប្រឹងប្រែងតស៊ូ ធ្វើជាកម្មករសំណង់ និងលក់កាសែត ដើម្បីយកលុយទៅរៀនបន្តរហូតទទួលបានផ្លែផ្កាក្លាយជាឧកញ៉ាដូចសព្វថ្ងៃនេះ។ តើខ្សែជីវិតលោកឧកញ៉ា នួន រិទ្ធី ជួបការលំបាកអ្វីខ្លះ កាលពីកុមារភាព?

ខ្សែជីវិតរបស់មនុស្សគ្រប់រូបមើលមិនឃើញថ្ងៃស្អែកនោះឡើយ។ ថ្ងៃនេះមានជីវភាពក្រលំបាកវេទនា ប៉ុន្តែមិនប្រាកដថា ថ្ងៃខាងមុខនៅតែមានស្ថានភាពបែបនេះនោះទេ ថាមិនត្រូវអាចក្លាយទៅជាមន្ត្រី មហាសេដ្ឋី ឬឧកញ៉ា ក៏ថាបាន ។ តួយ៉ាងដូចជា លោកឧកញ៉ា នួន រិទ្ធី ជាដើម កាលពីជាង ២០ឆ្នាំមុន លោក គឺជាក្មេងដើរលក់កាសែតតាមចិញ្ចើមផ្លូវ និងធ្វើជាកម្មករសំណង់ ដែលជីវិតរបស់លោកនាពេលនោះ បានជួបការលំបាកគ្រប់បែបយ៉ាង។ ប៉ុន្តែងាកមកមើលស្ថានភាពឥឡូវនេះវិញ លោកបានក្លាយជាសេដ្ឋីអចលនទ្រព្យ និងជាបុគ្គលដ៏មានមុខ មាត់ និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គមម្នាក់។

បុគ្គលឆ្នើម ឬបុគ្គលល្បីល្បាញមានឈ្មោះបោះសម្លេងនៅក្នុងសង្គមគ្រប់រូប មិនមែនរីកចម្រើន ដោយមិនជួបឧបសគ្គ ឆ្លងកាត់ការលំបាកនៅក្នុងឆាកជីវិតនោះទេ ភាគច្រើននៃពួកគេម្នាក់ៗសុទ្ធតែធ្លាប់បានឆ្លងកាត់ការលំបាក ឬការតស៊ូគ្រប់បែបយ៉ាងទម្រាំសន្សំបានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ ។ ជាក់ស្តែងលោកឧកញ៉ា នួន រិទ្ធី បានចាប់កំណើតនៅទីក្រុងភ្នំពេញ ដែលមានឪពុក ជាមន្ត្រីរាជការ ចូលនិវត្តន៍ ហើយម្តាយជាអ្នកលក់ដូរបន្តិចបន្តួចនៅតាមផ្សារ ដើម្បីយកប្រាក់កម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារស្ទើរតែមិនគ្រប់សម្រាប់មួយថ្ងៃៗផង ។ លោករំលឹកថា ជីវិតរបស់លោកមានការតស៊ូខ្លាំងណាស់ទម្រាំបានដល់ចំណុចនេះ។

កាលរៀននៅបឋមសិក្សា លោកធ្លាប់ដើររើសអេតចាយយកទៅលក់ ដើម្បីរកចំណូលជួយផ្គត់ផ្គង់គ្រួសារ រហូតដល់ថ្នាក់អនុវិទ្យាល័យ ក៏ធ្លាប់ដើរលក់កាសែតតាមផ្សារ ហើយពេលបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ ក៏ធ្វើជាកម្មករសំណង់ ដើម្បីបានកម្រៃយកមកឧបត្ថម្ភក្នុងការសិក្សាខ្លះ និងជួយទំនុកបម្រុងគ្រួសារខ្លះ។
លោកឧកញ៉ា នួន រិទ្ធី មានបងប្អូនបង្កើតចំនួន ៣នាក់ ក្នុងនោះប្រុសពីរ ស្រីមួយ លោកគឺជាកូនទី២នៅក្នុងគ្រួសារ។

លោកឧកញ៉ា នួន រិទ្ធី គឺជាសិស្សពូកែស្ទើរគ្រប់មុខវិជ្ជា និងបានបញ្ចប់បាក់ឌុបនៅឆ្នាំ ២០០១ ហើយបានបន្តថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាល័យន័រតុន ជំនាញសំណង់ស៊ីវិល។ ព្រោះតែជំនាញនេះហើយ ដែលជំរុញអោយយុវជន រិទ្ធី មានឱកាសចូលប្រឡូកក្នុងវិស័យអចលនវត្ថុនៅក្រុមដ៏ធំមួយ អំឡុងពេលដែលកំពុងរៀនមហាវិទ្យាល័យឆ្នាំទី២។ ភាពជោគជ័យចេះតែមានជាបន្តបន្ទាប់ តួនាទីក៏ចេះតែឡើងជាលំដាប់។ ឱកាសចេះតែមានលោកឧកញ៉ា រិទ្ធី ក៏ឆ្លៀតបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកមុខជំនួញជាតិ និងអន្តរជាតិ នៅសកលវិទ្យាល័យបៀលប្រាយ ដោយបានបញ្ចប់នៅឆ្នាំ ២០១៣។ រហូតដល់ឆ្នាំ ២០១៥ លោកក៏សម្រេចចិត្តបង្កើតក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ទិញលក់ និងបម្រើសេវាកម្មលើផ្នែកអចលនវត្ថុផ្សេងៗ។

ការបង្កើតក្រុមហ៊ុននេះ គោលដៅគឺដើម្បីស្វែងរកប្រាក់ចំណេញ និងបង្កើតការងារដល់ពល រដ្ឋខ្មែរមួយចំនួន ជាពិសេសគឺជួយដល់សង្គមជាតិ។
លោកឧកញ៉ា នួន រិទ្ធី ស្វាគមន៍យ៉ាងពេញទំហឹងចំពោះយុវជន ដែលស្រលាញ់ និងចង់ធ្វើជាភ្នាក់ងារអចលនទ្រព្យ បើទោះជាគ្មានជំនាញ លោកនឹងផ្តល់ឱកាសចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ព្រមទាំងផ្តល់ជូនប្រាក់ឧត្ថម្ភបន្ថែមទៀតផង។

អ្វីដែលជំរុញអោយឧកញ៉ា រិទ្ធី ជោគជ័យដូចសព្វថ្ងៃនេះ មានគន្លឹះមួយចំនួនដែលលោកបានកំណត់យ៉ាងច្បាស់ដោយខ្លួនឯងរួមមាន៖ ទី១ ការអត់ធ្មត់ ,ទី២ ភាពស្មោះត្រង់ ទី៣ ការសេពគប់ ទី៤ ត្រូវមានវិន័យខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ទី៥ ពាក់ព័ន្ធនឹងគោលដៅ ហើយអ្វីដែលសំខាន់មួយទៀត គឺការព្យាយាម និង ឆន្ទៈធ្វើការងារ ។ ដោយមើលឃើញពីភាពជោគជ័យក្នុងការងារ និង ការធ្វើមុខជំនួញ លោកឧកញ៉ា នួន រិទ្ធី ត្រូវបានស្ថាប័នដ៏ល្បីល្បាញមួយនៅទ្វីបអឺរ៉ុប ជ្រើសរើសឱ្យទទួលពាន់រង្វាន់ ដ៏ធំជាងគេមួយ នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ៕
