ទម្លាប់រាល់ឆ្នាំឱ្យតែដល់ថ្ងៃខួបកំណើត ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា តែងតែរៀបចំកម្មវិធីជប់លៀងជួបជុំក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្តិជាអាទិភាព តែសម្រាប់ខួបថ្ងៃទី៣១ មីនា នេះ លោកបែរជាដឹកដៃភរិយា ធ្វើសកម្មភាពសប្បុរធម៌ ដល់ផ្ទះលោក បេន នៅឯខេត្តព្រះវិហារទៅវិញ។
ម្ចាស់បុរី វិចិត្រដារ៉ា និងជាស្ថាបនិក ក្រុមហ៊ុន វិចិត្រដារ៉ា ឃែស អិចប្រេស ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានថ្លែងថា៖ “ថ្ងៃនេះជាថ្ងៃ ខួបចំរើនវ័យរបស់ខ្ញុំ 31/03/2022 ខ្ញុំសូមផ្លាស់ប្តូរពីការជប់លាង ជួបជុំយកថវិកាចូលរួមរួមជាមួយលោកបេន មានមី កញ្ចប់៥ កេសទឹកក្រូចនិង ភេសជ្ជៈគោជល់៥កេសថវិការ៥០០ដុល្លា ជូនគាត់ ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ”។


ជំនួបរវាងគ្រួសារ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងក្រុមគ្រួសារ សកម្មជនការពារព្រៃឈើ និងសត្វព្រៃ លោក បេន អមដោយអំណោយសប្បុរធម៌ រួមទាំងថវិកាចំនួន ៥០០ដុល្លារ ក៏ជាការអបអរសាទរដល់លោក បេន និងក្រុមគ្រួសារ ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យផ្តល់ជូននៅសញ្ជាតិកម្ពុជាជូនគាត់ទាំងគ្រួសារផងដែរ។


បើយោងតាមព្រះរាជក្រឹត្យចុះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់ លោក ដាវិស បេន យ៉ូសែប(DAVIS BENJAMIN JOSEPH) ជាជនជាតិអាមេរិក និងសមាជិកគ្រួសាររបស់លោក សរុបចំនួន៤នាក់ ដែលកំពុងធ្វើសកម្មភាពការពារព្រៃឈើនៅក្នុងខេត្តព្រះវិហារ នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា លោក បេន បានចូលមកកម្ពុជា និងធ្វើសកម្មភាព ដើម្បីការពារធនធានធម្មជាតិ និងសត្វព្រៃតាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ មានរយៈពេលជិត៣០ឆ្នាំមកហើយ។ បេន បានសម្ដែងនូវក្ដីរំភើបរីករាយថា រូបលោក និងក្រុមគ្រួសារ ពិតជាមានក្តីរីករាយជាខ្លាំង ដែលព្រះមហាក្សត្យត្រាស់បង្គាប់ឱ្យផ្តល់សញ្ជាតិខ្មែរដល់គ្រួសាររបស់លោក ហើយលោកបានប្តេជ្ញាថា នឹងបន្តសកម្មភាពការពារ និងអភិរក្សធនធានព្រៃឈើនៅកម្ពុជា រួមទាំងសត្វព្រៃឱ្យខ្លាំងក្លាថែមទៀត៕





