ចម្កា​រ​ដូងប្រេង​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី តាម​ផ្លូវ​ជាតិ​​លេខ ៤ វាស់គីឡូ​ផ្លូវ​ ជាង​​ ១៣ គីឡូម៉ែត្រ​ ​ល្វឹងល្វើយ​ដាច់កន្ទុយភ្នែក ​

ជុំវិញ​ឧកញ៉ា

អ្នកដំណើរ​ដែល​ធ្វើ​ដំណើរឆ្លង​កាត់​ផ្លូវជាតិ​លេខ​ ៤​ ចាប់​ពី​ត្រង់​គីឡូម៉ែត្រ​លេខ ១៥៨ នឹង​ប្រទះ​ឃើញ​វាល​ចម្ការ​ដូងប្រេង​ដ៏ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយ​ភ្នែក ដែល​គេ​ស្គាល់​របស់អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី សេដ្ឋីកសិកម្ម​ដ៏ល្បីល្បាញ​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​បើ​និយាយ​​ផ្ទៃដី​ចម្ការ​ដូង​ប្រេង​របស់​សេដ្ឋីកសិកម្ម​រូប​នេះគឺ​រាប់​ចាប់ពី​បង្គោល​គីឡូម៉ែត្រ​លេខ ១៥៨ ​ដល់​គីឡូម៉ែត្រ​លេខ១៧១​ សរុប​ចម្ងាយផ្លូវ​​មិនក្រោម​ ១៣ គីឡូម៉ែត្រ​នោះទេ។

ឆ្នាំ​២០២២​ គំរប់ខួប​២៧ឆ្នាំ​ដែល​អ្នក​ឧកញ៉ា​បាន​​ចាប់ផ្តេីម​ វិនិយោគទុន​លេី​ដំណាំ​កសិកម្ម​ កសិឧស្សាហកម្ម​ជាពិសេសលើ​ការ​ដាំដុះ​ចម្ការ​ដូង​ប្រេង​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ ស្ថិត​នៅ​ស្រុក​ព្រៃនប់​ ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជាក្រុមហ៊ុនដាំដុះដូងប្រេងធំជាងគេនៅកម្ពុជា និងជាប់លំដាប់ទី ៤នៅអាស៊ីអាគ្នេយ៍។

រយៈ​ពេល​ប្រឡូកម​ជាង ២០ ឆ្នាំ លើការ​​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ពហុវិស័យ​​រួម​ទាំង​ការ​ដាំដុះ​ដំណាំ​​ដូង​ប្រេង​រាប់​ម៉ឺន​ហិកតា​​ អ្នក​ឧកញ៉ា​ប្រាប់​ថា​គ្មានអ្វី​ក្រៅពី​ចង់​​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​។

បើតាម​អ្នក​ជំនួញ​ជើង​ចាស់​បាន​រំលឹក​​​​រយៈ​ពេល​​ ​២៧ ឆ្នាំក្នុង​ការ​ធ្វើ​កសិកម្ម​គឺ​​តាំងពី​​លោក​មាន​អាយុ​ទេីបតែ ៤០ ឆ្នាំ​ ឥលូវនេះ​ចូលដល់​វ័យ ៦៨ ឆ្នាំ​ហេីយ​ ដែល​លោក​បានពុះពារ​ដាំដុះ​វិស័យ​មួយ​ដែល​អ្នក​មាន​ៗ​ភាគច្រើន​មិន​សូវ​ចង់​ប្រឡូក ដោយសារ​ប្រើ​ទុនធំ​ចំណាយ​ពេល​យូរ ហើយ​បាន​ផល​មិន​សម​កម្លាំង។

ដោយ​នឹកសញ្ជឹងគិត​នៅថ្ងៃខាងមុខ ​អ្នក​ឧកញ៉ា​បង្ហើប​​ថា មិនដឹងលោក​អាច​រស់នៅបាន ​១០ ឆ្នាំ​ប៉ុន្មាន​ដងទៀតទេ។​ ប្រហែលជា​មិនអាចរស់នៅ​រហូតដល់​សម្រេច​បាន​តាម​គោល​បំណង​១០០% បានទេ​ បេីពេលនេះ​លោក​ទេីបតែ​សម្រេចគោលបំណង​បានតែត្រឹម ៥០% តែ​ប៉ុណ្ណោះ​។

​អ្នក​ឧកញ៉ាបន្ត​ថា អ្វីៗ​ទាំងអស់​​អាស្រ័យ​ទៅលេី​ព្រះលោក​កំណត់ ត្រឹមណាបាន​ត្រឹម​ហ្នឹង​។ ប៉ុន្តែ​លោក​នៅតែមាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​អ្នក​បន្តវេន​ទាំងអស់​ ពិតជាយល់ព្រម​កាត់បន្ថយ​នូវ​អំពេីលោភលន់​ហួស​ប្រមាណ​ ងាកមករួម​គ្នា​ចូលរួម​ចំណែក​អភិវឌ្ឍន៍​បន្តវេន​ ដេីម្បី​​ឲ្យប្រទេស​ជាតិ​រីកចម្រើន​ជឿនលឿន​លេី​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​​ដូច​អរិយប្រទេស​ កាត់បន្ថយ​ការនាំចូល​រហូតដល់​សូន្យ​ ផ្លាស់ប្ដូរ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពីផ្ទះ​ស្លឹក​ មក​រស់នៅផ្ទះថ្ម​ពីកង្ហារ​មកប្រេី​ម៉ាស៊ីន​ត្រជាក់​ ពីធ្វើការ​ហាលភ្លៀង​ហាលខ្យល់រងារ​ញ័រ​ញាក់​រង​ផ្គររន្ទះ​ មក​ធ្វើការ​នៅក្នុងម្លប់​មាន​អាហារបីពេល​ មាន​មន្ទីរពេទ្យ​ សាលាអោយកូនរៀន​​ជាដើម។

អ្នក​ឧកញ៉ា​ដែលមានប្រវត្តិ​ជា​ក្មេង​វត្ត​ ក៏​អំពាវនាវ​ដល់​អ្នក​ដែលមាន​លទ្ធភាព​សូម​មេត្តា​ជួយ​ចូលរួម​ចំណែក​ កសាង​អភិវឌ្ឍន៍​ជាតិ​លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​អោយបានកាន់តែច្រេីន​ តែបេីមិនបាន​ចូលរួម​ចំណែក​ទេ​សូម​មេត្តា​កុំរំខាន​ដល់អ្នក​វិនិយោគ​៕