ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បន្តលក់សញ្ញាបណ្ណមានបុគ្គលធានារបស់ខ្លួនតម្លៃ ៣លានដុល្លារអាមេរិកទៅអោយក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) ដើម្បីចូលរួមអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ។
ពិធីហត្ថលេខាលើកសញ្ញាបណ្ណនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា រវាងលោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Medtecs លោក Clement Yang និង សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ ក្រោមវត្តមានឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC ។
បើតាមក្រុមហ៊ុនទាំងពីរ ទឹកប្រាក់ដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមការអភិវឌ្ឍព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ។
សូមជម្រាបជូនថា ក្រុមហ៊ុន Medtecs បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ជាមួយនឹងរោងចក្រផលិតដែលធំបំផុតក្នុងស្រុកដែលជម្រុញដល់ការនាំចេញវាយនភណ្ឌវេជ្ជសាស្ត្រ និង ឧបករណ៍ការពារផ្ទាល់ខ្លួន PPE ខណៈបច្ចុប្បន្ននេះមានបុគ្គលិកបម្រើការ ជាង ៤០០០ នាក់នៅរោងចក្ររបស់ខ្លួននាទឹកដីខេត្តកំពង់ចាម៕