អគ្គនាយកក្រុមហ៊ុន Jet’s Group និង Skyland 7NG ឧកញ៉ា ស្រី ចាន់ថន បានបន្តបោះទុនវិនិយោគដំឡើងរោងចក្រផលិតប្រេងឆាចម្រាញ់ពីកន្ទក់ គុណភាពកម្រិតស្តង់ដារអន្តរជាតិ នៅលើទឹកដីស្រុកថ្មគោល ខេត្តបាត់ដំបង។


តាមការគ្រោងទុករោងចក្រផលិតប្រេងឆានេះ នឹងដំណើរការជាផ្លូវការនៅអំឡុង ខែតុលា ឬចុងឆ្នាំ២០២២នេះ នៅលើទឹកដីជម្រុកស្រូវ នៃប្រទេសកម្ពុជា។ តាមការផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ ជាមួយ Oknha News លោកឧកញ៉ា ស្រី ចាន់ថន មានប្រសាសន៍ពីមូលហេតុ ដែលលោកសម្រេចចិត្តបោះទុនវិនិយោគរាប់លានដុល្លារ លើការបង្កើតរោងចក្រនេះ យ៉ាងដូច្នេះថា៖ “ដោយសារខ្ញុំមើលឃើញថា នៅស្រុកខ្មែរយើង មិនទាន់មានរោងចក្រផលិតប្រេងឆាលំដាប់ស្តង់ដារបែបនេះនៅឡើយ ភាគច្រើន គឺយើងនាំចូលពីបរទេស ឯតម្រូវការប្រើប្រាស់ប្រេងឆាប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋយើងក៏មានចំនួនខ្ពស់។
ស្ថាបនិកក្រុមហ៊ុន Jet’s Group ឧកញ៉ា ស្រី ចាន់ថន បន្ថែមទៀតថា៖ “មួយវិញទៀត ការវិនិយោគបង្កើតរោងចក្រប្រេងឆានៅខេត្តបាត់ដំបងនេះ ខ្ញុំក៏បានគិតទៅលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ បងប្អូនអ្នកប្រើប្រាស់ជាចម្បងដែរ ព្រោះផលិតផលប្រេងឆានេះ ចម្រាញ់ចេញពីកន្ទក់ ដែលធានាបាននូវគុណភាពខ្ពស់ កម្រិត ISO មិនចាញ់គុណភាពប្រេងឆានៅលើទីផ្សារអន្តរជាតិ និងតាមបណ្ដាប្រទេសជឿនលឿនផ្សេងៗឡើយ”។

ការសម្រេចបោះទុនវិនិយោគបង្កើតរោងចក្រផលិតប្រេងឆាពីកន្ទក់ នៅទឹកដីខេត្តបាត់ដំបង ឧកញ៉ា ស្រី ចាន់ថន ក៏បានគិតគូរយ៉ាងលម្អិតល្អន់ទៅការ កាត់បន្ថយការនាំចូលផលិតផលប្រេងឆានេះពីក្រៅស្រុក ការជួយបង្កើតផលិតភាព ផលិតផល កសិឧស្សាហកម្ម និងការបង្កើតការងារជូនដល់ពលរដ្ឋខ្មែរថែមទៀតផង។
បើតាមការបញ្ជាក់ឱ្យដឹងបន្ថែមពី លោក ធៀន សុផារ៉ា ប្រធានផ្នែករដ្ឋបាល ក្រុមហ៊ុន Jet’s Group ថា៖“រោងចក្រប្រេងឆានេះ គ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងអំឡុងចុងឆ្នាំ២០២២ ។ រោងចក្រផលិតប្រេងឆាស្តង់ដារអន្តរជាតិ ចម្រាញ់ចេញពីកន្ទក់ ដែលកំពុងមមាញឹកក្នុងការរៀបចំបង្កើតឡើងនេះ មានទីតាំងស្ថិតនៅ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង សាងសង់លើផ្ទៃដីសរុប ប្រមាណជិត ២ម៉ឺនម៉ែត្រការ៉េ”។
លោកបន្តឱ្យដឹងទៀតថា គុណភាពប្រេងឆា ចម្រាញ់ចេញពីកន្ទក់ដោយម៉ាស៊ីនស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Jet’s Group គឺផលិតចេញមកស្របតាមស្តង់ដារសម្រាញ់ប្រេងកម្រិត CE របស់ទីផ្សាអុឺរ៉ុប និងស្តង់ដារ FDA ស្របតាមទីផ្សាសហរដ្ឋអាមេរិក ក៏ដូចជាគុណភាព ISO តាមទីផ្សារប្រេងឆាទូទៅផងដែរ។


លក្ខណៈពិសេស របស់ប្រេងឆាដែលផលិត និងចម្រាញ់ចេញពីកន្ទក់ គឺជាប្រេងឆា ដែលមានផ្ទុកនូវសារធាតុ Oryzanol ខ្ពស់បំផុត។ សារធាតុ Oryzanol មានគុណប្រយោជន៍អាចប្រឆាំងអុកសុីតកម្ម ដ៏មានប្រសិទ្ធភាព ជាពិសេសអាចកម្ទេចសារធាតុខ្លាញ់រុំបេះដូង និងកំចាត់កូឡេសស្តេរ៉ល ក្នុងឈាមបានយ៉ាងល្អថែមទៀតផង។


ដូច្នេះមិនយូរទៀតទេ កម្ពុជានឹងមានរោងចក្រផលិតប្រេងឆាច្នៃពីកន្ទក់ ដែលជាផលិតផលកសិឧស្សាហកម្ម ប្រមូលទិញពីបងប្អូនប្រជាកសិករខ្មែរ នាទឹកដីនៃខេត្តបាត់ដំបង។ ឧកញ៉ា ស្រី ចាន់ថន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ឱ្យចូលរួមគាំទ្រផលិតផលប្រេងឆាសុខភាព ផលិតក្នុងស្រុក ដែលមានគុណភាពស្តង់អន្តរជាតិ ល្អសម្រាប់សុខភាព ទាំងអស់គ្នា ដែលនឹងមានវត្តមានលើទឹកដីកម្ពុជាយើងក្នុងពេលឆាប់ៗខាងមុខ៕