អគារធនាគារវឌ្ឍនៈដ៏ខ្ពស់ស្កឹមស្កៃបានបញ្ចប់ការសាងសង់ និងបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិតនៅអគារលេខ ៩៨ ផ្លូវជាតិលេខ ៣ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
អគារធនាគារវឌ្ឍនៈដែលបើកដំណើរការនៅខេត្តកំពតនេះជាសាខាទី ៣១ ជាអគារខ្ពស់ប្រណិត ដែលមានកម្ពស់ ៨ ជាន់ របស់អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ឈុន លាង ជាម្ចាស់គ្រប់គ្រង។
សាខាធនាគារវឌ្ឍនៈនៅខេត្តកំពត មានផ្តល់ជូនសេវាធនាគារសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្ម និងអ្នករស់នៅក្នុងមូលដ្ឋាន។ សាខាខេត្តកំពត ក៏មានផ្តល់និងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួនរួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ ក៏ដូចជាសេវាបង់ប្រាក់ពន្ធ-អាករ សេវាកម្មទូទាត់សេវាសាធារណៈ ជូនដល់អតិថិជនផងដែរ។
ធនគារវឌ្ឍនៈជាធនាគារក្នុងស្រុកបង្កើតឡើងនៅឆ្នាំ២០០២ ដោយអ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ ឆ្នាំ ២០២១ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ១២ ចំពោះសេវាធនាគារចល័ត អភិបាលកិច្ចល្អបំផុត និងសេវាកម្មអតិថិជនល្អបំផុត។
ប្រឡូកវិស័យហិរញ្ញវត្ថុជាង ២០ ឆ្នាំ បច្ចុប្បន្នធនាគារវឌ្ឍនៈមានបុគ្គលិកបម្រើការងារជាង ៨០០ នាក់ និងមាន ៣១ សាខា ដែលក្នុងនោះ ១៣ សាខា ស្ថិតនៅរាជធានីភ្នំពេញ និង ១៨ សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត៕