បន្ទាប់ពីមានទំនាក់ទំនងជាមួយលោកឧកញ៉ា ម៉េន កានី កាន់តែជិតស្និទ្ធ តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ គេមើលឃើញថា អ្នកទាំងពីរបានបោះទុនរកស៊ីជាគ្នាកាន់តែច្រើនកន្លែងឡើងៗហើយ នៅព្រឹកព្រឹកថ្ងៃទី១១ មករា ២០២០ តារាចម្រៀងល្បីឈ្មោះរូបនេះ បានបោះទុនវិនិយោគប្រមាណ២លាន៦សែនដុល្លារទៀត លើគម្រោងគម្រោងលំនៅឋាន GM ឆាយ វីរៈយុទ្ធ Style Mini Villa ជាមួយលោកឧកញ៉ា ដែលធ្វើឲ្យមហាជនផ្ទុះការកោតសរសើរថា ជោគជ័យទាំងសិល្បៈ និងមុខជំនួញ។

នៅពេលផ្តើមនិយាយដល់ការបោះទុនវិនិយោគដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើមហាជនងឿងឆ្ងល់មិនតិចទេថា តើតារារូបនេះបោះទុនរកស៊ីអ្វីបានជាប្រើដើមទុនធំសម្បើមម្លេះ? ប៉ុន្តែយ៉ាងណាចម្ងល់នេះត្រូវបានបកស្រាយនៅព្រឹកថ្ងៃទី១១ មករា ២០២០ ដោយតារារូបនេះបានប្រើដើមទុនវិនិយោគលើគម្រោងលំនៅឋាន GM ឆាយ វីរៈយុទ្ធ Style Mini Villa ដែលមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំពោះព័ត៌មាននៃការបោះទុនដ៏ធំសម្បើមនាដើមឆ្នាំ២០២០នេះ លោក ឆាយ វីរៈយុទ្ធ បានឲ្យដឹងថា តាមពិតទៅគម្រោងវិនិយោគនេះពិតជាចំណាយជិត៣លានដុល្លារមែន ប៉ុន្តែជាការចាប់ដៃគ្នាវិនិយោគរវាងរូបលោក និងលោកឧកញ៉ា ម៉េន កានី ដោយរូបលោកផ្ទាល់មានទុន២៥ភាគរយ រីឯលោកឧកញ៉ា ម៉េន កានី មានដើមទុនធំរហូត៧៥ភាគរយ។

លោកឧកញ៉ា មេន កានី ប្រធានក្រុមហ៊ុន ជី អឹម ត្រេឌីង ក៏បានបញ្ជាក់ផងដែរថា រូបលោកពិតជាជឿជាក់ចំពោះការវិនិយោគរួមគ្នាជាមួយនឹងលោក ឆាយ វីរៈយុទ្ធ ហើយគិតថា គម្រោង Style Mini Villa GM Residence Baseth នឹងទទួលបានជោគជ័យខ្ពស់ ដោយសារគម្រោងស្ថិតនៅលើទីតាំងល្អ ហើយប្រកបដោយសោភ័ណ្ឌភាពខ្ពស់។

នេះមិនមែនជាទំនួញទី១ដែល
តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ
និងលោកឧកញ៉ា មេន កានី
រកស៊ីជាមួយគ្នាឡើយ
កាលពីពេលកន្លងទៅអ្នកទាំងពីរបានបោះទុនរកស៊ីជាមួយគ្នា
លើគម្រោងដីឡូតិ៍
ក្នុងទឹកដីខេត្តព្រះសីហនុ
ក្នុងទំហំទឹកប្រាក់ប្រមាណជាង
២លានដុល្លារ ផងដែរ
ដោយទទួលបានភាពជោគជ័យជាខ្លាំង៕




















