សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប បានចូលរួមបើកកម្មវិធីប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត ២០២២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ឈានចូល២៥៦៦ នៅក្លឹបវាយកូនគោលសូហ្វីតែល ភូគីត្រា ខោនទ្រីក្លឹប ស្រុកពួក ខេត្តសៀមរាប។

កម្មវិធីប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត ២០២២ លើកនេះ ក៏មានវត្តមានក្មួយប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកឧកញ៉ា ហ៊ុន តូ រួមនឹងអ្នកជំនួញ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប ចូលរួមអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ឲ្យបានជ្រាបដែលថា សម្រាប់កម្មវិធីថ្ងៃនេះ នឹងមានកម្មវិធី «ថ្ងៃខ្មែរ» នៅបរិវេណភូមិសង្ក្រាន្ត (ប្រាសាទចៅសាយទេវតា) ដោយនឹងតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋសម្លៀកបំពាក់បែបប្រពៃណីខ្មែរបុរាណទាំងអស់គ្នា ដើម្បីបង្ហាញទៅកាន់ អន្តរជាតិឲ្យបានស្គាល់ពីវប្បធម៌ខ្មែរយើង ឲ្យកាន់តែទូលំទូលាយជាងមុន និងមានការដង្ហែរក្បួន និងកម្មវិធីសប្បាយផ្សេងៗទៀតជាច្រើន។


