អ្នកជំនួញក្នុងវិស័យអចលនទ្រព្យជាច្រើនទំនងស្គាល់ឧកញ៉ា យ៉ន សេងហាន ជាវិនិយោគិនម្នាក់ដែលបានដឹកនាំក្រុមហ៊ុន តាមទ្រឹស្តីសាសនាព្រះពុទ្ធ ដូចជាប្រកាន់យកនូវគាថាព្រះពុទ្ធ និងសីល ៥ ជាដើម។ បុគ្គលិកក្រុមហ៊ុនរបស់លោកទាំងអស់ជារៀងរាល់ថ្ងៃសីល តែងតែសូធ្យធម៌ និងសមាទានសីលមុនពេលចូលធ្វើការ។


បន្ទាប់ពីបើកក្រុមហ៊ុនជាង ១០ឆ្នាំមក លោកឧកញ៉ាធ្លាប់បានបណ្តុះបណ្តាលបុគ្គលិក និងសិក្ខាកាមជាង ៤ម៉ឺននាក់ ខណៈរាប់រយនាក់ផ្សេងទៀត ពួកគាត់បានចេញបើកក្រុមហ៊ុន និងរកស៊ីតាមជំនាញរៀងៗខ្លួនដោយជោគជ័យ។
លោកថា ក្នុងការរកស៊ីរបស់លោកជាង ១០ឆ្នាំមកនេះ ក្រោមម៉ាកយីហោក្រុមហ៊ុន សេងហាន គឺមិនមែនគ្រាន់តែជាក្រុមហ៊ុនប្រកបអាជីវកម្មរកប្រាក់ចំណូលតែប៉ុណ្ណោះទេ គឺជាកន្លែងបណ្តុះបណ្តាលការធ្វេីអាជីវកម្ម ពាណិជ្ជកម្មបែបសមធម៌ សុច្ចរិតធម៌ និងបណ្តុះកូនខ្មែរឱ្យក្លាយជាសហគ្រិនរឹងមាំ អត្តចរិតថ្លៃថ្នូរ មានគំនិតជាតិនិយម ស្រលាញ់ជាតិ សាសនា វប្បធម៌ ប្រពៃណីដែលជារបស់ខ្មែរ ស្រលាញ់ គាំទ្ររដ្ឋាភិបាលខ្មែរ។


ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍នៅរសៀលថ្ងៃពុធ ខែមេសានេះ លោកថាអ្វីដែលផ្តោតសំខាន់ក្នុងការរកស៊ីគឺតាមគន្លងរបស់ព្រះពុទ្ធ ម្យ៉ាងលោកចង់លើកតម្កើងព្រះពុទ្ធសាសនា ព្រោះលោកយល់ថា ការរកស៊ីណាដែលប្រាសចាកធម៌ព្រះពុទ្ធ គឺអត់មានអ្វីដែលរីកចម្រើនដល់សង្គមជាតិនោះទេ អាចរីកចម្រើនតែបុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែវាបានប៉ះពាល់ដល់សង្គមជាតិទាំងមូល។
ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សេងហាន បានថ្លែងថា៖ ជាទស្សនៈរបស់ខ្ញុំ សុទ្ធចិត្តដើរយឺត ប៉ុន្តែយើងដើរទៅយ៉ាងច្បាស់លាស់ ដោយមានតម្លៃ និងគុណធម៌។

មានងារជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ ឧកញ៉ា យ៉ន សេងហាន ដែលធ្លាប់បួស និងជាឧទ្ទេសាចា្យបង្រៀនព្រះធម៌រូបនេះ បានសម្តែងក្តីកង្វល់ថា មួយរយៈនេះលោកសង្កេតឃើញទីប្រឹក្សាសម្តេចសង្ឃរាជមួយចំនួនតូចបានផឹកស្រា ហើយអ្នកខ្លះមិនដែលស្គាល់វត្តផងក៏មានដែរ។ បើតាមលោកឧកញ៉ា ទីប្រឹក្សាគួរតែមានសីល ៥ ជាប់ខ្លួនខ្លះ។

លោកបន្ថែមថា រាល់ថ្ងៃបុណ្យទានធំៗ លោកបានដឹកនាំបុគ្គលិករាប់រយនាក់ទៅធ្វើបុណ្យតាមវត្តអារាម និងកម្មវិធីសាសនានានា ដើម្បីអប់រំចិត្ត រៀនសូត្រទ្រឹស្តីព្រះពុទ្ធសាសនា។
លោកឧកញ៉ាថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ពួកខ្ញុំធ្វើរាល់ថ្ងៃហ្នឹង….មានអ្នកចោទថា….យើងយកសាសនាជាខែល(អាជីវកម្ម)ក៏មានដែរ។ ការប្រតិបត្តិរបស់យើងឲ្យល្អត្រឹមត្រូវភាពជាគំរូរក៏មានមនុស្សអគតិគិតថាយើងសាសនាជាអាជីវកម្ម…។ ក្រុមហ៊ុន សេងហាន មានអ្វីដែលលេីសពីលុយជាអនេក ពិសេសលេីសពីអ្វីដែលអ្នកខាងក្រៅមេីលឃេីញដោយភ្នែកធម្មតា!..៕