ឧកញ៉ា ផន វណ្ណិត៖ សុខចិត្តក្រដោយសារទិញដី តែដីមិនឲ្យយើងក្រនោះទេ

ជុំវិញ​ឧកញ៉ា

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ត្រូវបានចាត់ទុកថា ជាការវិនិយោគមួយដែលអាចហុចផលចំណេញខ្ពស់ត្រឡប់មកវិញលឿន។ ទាក់ទងនឹងការវិនិយោគអចលនទ្រព្យនេះដែរ អ្នកជំនាញដែលមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យឧកញ៉ា ផន វណ្ណិត បានចែករំលែកនូវគំនិតវិនិយោគថា ការបោះទុនចូលទៅក្នុងអចលនទ្រព្យទោះតិច ឬច្រើន ដឹងតែមានផលចំណេញ ប៉ុន្តែមុននឹងសម្រេចចិត្តទម្លាក់លុយទិញដី ត្រូវប្រមើលមើលឲ្យបានលម្អិតទៅលើគោលគំនិតសំខាន់ៗ និងប្រភេទដីដែលចង់ទិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនាញ​រូប​នេះ​លើកទឹកចិត្ត​ឲ្យវិនិយោគ ឬ​ទិញ​អចលនទ្រព្យទុកមិនចេះខុសនោះទេ ១០០%ដឹងតែចំណេញជាក់ជាមិនខាន។ លោកថា វិស័យអចលនទ្រព្យមិនចេះជ្រេះចាប់ ឬផុយស្រួយនោះទេ នៅពេលដែលយើងដឹងចរន្តនៃការលេង (Play)។ យ៉ាងណា ក៏ត្រូវយល់ដឹងអំពីសេដ្ឋកិច្ច ជាមួយនឹងឱកាស វិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ។

សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា ឧកញ៉ា ផន វណ្ណិត បានថ្លែងថា៖ «​ខ្ញុំសុខចិត្តក្រដោយសារទិញដី តែដីធានាមិនឲ្យយើងក្រនោះទេ»។ លោកលើកឡើងបែបនេះ ក៏ព្រោះលោកមានជំនឿជឿថា អចលនទ្រព្យ គឺជាម៉ាស៊ីនគិតលុយដ៏សំខាន់និងជាសរសៃឈាមនៃការបង្កើត​ទ្រព្យសម្បត្តិ​។

លោក​ឧកញ៉ាបាន​អះអាង​ថា​៖​ «​បច្ចុប្បន្ន​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ព្រោះរដ្ឋាភិបាលកម្ពុជា បានផ្តល់ភ្លើងខៀវជាច្រើនដល់វិនិយោគិនធ្វើការបោះទុន។ មិន​ថា​សេដ្ឋកិច្ច​ឡើង​ឬ​ចុះ ល្អ​ឬ​អាក្រក់ ឱកាស​វិនិយោគ​អចលនទ្រព្យ​តែង​មាន​ជា​និច្ច» ។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ​បានសង្កត់ធ្ងន់​ថា ជំងឺរាតត្បាតកូវីដ-១៩ ពិតជាបានបង្ខំឱ្យអ្នកអភិវឌ្ឍអចលនទ្រព្យមួយចំនួនខ្លាចរអាល ឬបាក់ស្មារតីក្នុងការវិនិយោគ ក៏ព្រោះគ្រប់ភាគីពាក់ព័ន្ធត្រូវជួបវិបត្តិដូចគ្នារួចមកហើយ។

តែទោះបីជាយ៉ាងណា លោកថា ចរន្តវិនិយោគលើវិស័យអចលនទ្រព្យចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ។ ឧទាហរណ៍ថ្មីៗនេះ ការបើកឲ្យប្រជាពលរដ្ឋរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងការដើរកម្សាន្តលំហែកាយគ្រប់ទិសទី គឺមានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត។

ឧកញ៉ា ផន វណ្ណិត ថ្លែងបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «​ កំណើនដ៏ច្រើននេះ បានផ្តល់លទ្ធភាពរស់រវើកនៃកំណើនសេដ្ឋកិច្ចជាតិ។ ខ្ញុំអាច ព្យាករណ៍បានថា កម្ពុជាពិតជាបានងើបចេញពីវិបត្តិកូវីដ-១៩បណ្តើរៗហើយជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់។ ចំពោះវិស័យអចលនទ្រព្យវិញ ខ្ញុំមានជំនឿថា នឹងមានសន្ទុះនឹងងើបឡើងវិញ»