នៅលើវិថីនានាក្នុងទីក្រុងភ្នំពេញ គេឃើញមានរថយន្តទំនើបល្បីៗ Rolls-Royce, BMW, lamborghini, Mercedes, Range Rover, PEUGEOT, Audi, Porsche, Land Over, Volvo និង Jaguar ជាដើម បើកបង្អួតរាងយ៉ាងសង្ហារនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ រថយន្តទំនើបៗទាំងនោះភាគច្រើនត្រូវបានគេឃើញអ្នកឧកញ៉ា ឧកញ៉ា អ្នកមាននៅស្រុកខ្មែរជិះ ខណៈដែលសេដ្ឋីលើពិភពលោកក៏នាំគ្នាជិះរថយន្តប្រភេទនេះផងដែរ។
សារព័ត៌មានឧកញ៉ាញូស៍ សូមណែនាំលោកអ្នកនាងឲ្យស្គាល់ពាណិជ្ជករខ្មែរម្នាក់ល្បីល្បាញច្រើនទសវត្សរ៍មកហើយក្នុងវិស័យនាំចូលរថយន្តម៉ាកល្បីតម្លៃរាប់សែនលានដុល្លារអាមេរិកមកកាន់ទីផ្សារកម្ពុជា។
អ្នកជំនួញមិនសូវបង្ហាញមុខជាសាធារណៈរូបនេះគឺ ឧកញ៉ា ង៉ូវ លាងហួត ជាម្ចាស់ក្រុមហ៊ុន HGB Group ដែលនាំចូលរថយន្តម៉ាកល្បីៗ ប្រណីតៗ និងថ្លៃៗបំផុតនៅលើពិភពលោក ចូលមកទីផ្សារប្រទេសកម្ពុជា។ លោកគឺជាអ្នកជំនួញលេចធ្លោមួយរូប ប៉ុន្តែរូបលោកផ្ទាល់មិនសូវបង្ហាញមុខចេញមាត់នៅទីសាធារណៈដូចឧកញ៉ាផ្សេងទៀតនោះទេ។
រថយន្តប្រណីតៗដែលក្រុមហ៊ុនរបស់លោកឧកញ៉ា នាំចូល និងលក់ចែកចាយនៅកម្ពុជា រួមមាន Rolls-Royce, Bentley, Volkswagen, MAZDA។ ប្រភេទរថយន្តប្រណីតសម្រាប់ពួកអ្នកមានស្តុកស្តម្ភ គឺរថយន្តម៉ាក Rolls Royce បាននាំ ចូលមកទីផ្សារកម្ពុជា ដោយក្រុមហ៊ុន HGB Group Co., Ltd ជាអ្នកដែលទទួលបានសិទិ្ធចែកចាយរថយន្តតម្លៃរាប់សិបម៉ឺនដុល្លារនេះនៅទីផ្សារមុនគេ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rolls Royce Motor Cars កាលពីឆ្នាំ២០១៤។
HGB Group ជាសម្ព័ន្ធក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុងភ្នំពេញ និងមានសាខានៅប្រទេសសិង្ហបុរី ទីក្រុងវៀងចន្ទ ប្រទេសឡាវ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម។
តាមរយៈវេបសាយផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ការស្តាប់គឺជាអាថ៍កំបាំងនៃភាពជ័យ ការពិភាក្សាជាមួយអតិថិជនដើម្បីយល់និងបំពេញនូវតម្រូវការរបស់ពួកគេ។ ទាំងនេះជាពាក្យស្នូរ ឬពាក្យស្លោកក្រុមហ៊ុនតែងប្រកាន់ភ្ជាប់ជានិច្ចអស់រយៈពេលជាច្រើនឆ្នាំ។
ក្រៅពីនាំចូលនិងចែករថយន្តប្រណីតៗទាំងនេះ ក្រុមហ៊ុន HGB Group ឧកញ៉ា ង៉ូវ លាងហួត ក៏មានមុខជំនួញជាច្រើនផ្សេងទៀតនៅក្នុដៃផងដែរ ដូចជា ក្រុមហ៊ុនអ្នកផ្គត់ផ្គង់ទូរស័ព្ទដៃដែលមានតម្លៃខ្ពស់ម៉ាក Vertu ជាអ្នកនាំចូលកាំមេរ៉ា Nikon និងផ្នែកចំណីអាហារនិងភេសជ្ជៈមួយចំនួនទៀត៕