មានឈ្មោះជាមហាសេដ្ឋីល្បីល្បាញច្រើនទសវត្សរ៍ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានគេចាត់ទុកជា បុគ្គលគំរូក្នុងការចាប់ផ្តើមជំនួញ កសាងទំនាក់ទំនង កិច្ចការមនុស្ស និងជីវិតឯកជន។
លោកជាពាណិជ្ជករខ្មែរដែលបានចូលរួមគៀងគរវិនិយោគិនបរទេសមកបណ្តាក់ទុនរកស៊ីកម្ពុជា តាមរយៈប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនគ្រាក់ៗរបស់លោកដែលកំពុងឈរលើទីផ្សារនាពេលបច្ចុប្បន្ន។

តាមរយៈទំព័រហ្វេសបុកអ្នកឧកញ៉ា គិត ម៉េង តែងតែចែករំលែកទស្សនទាន គន្លឹះអប់រំ បទពិសោធន៍ជីវិតមួយចំនួនដើម្បីជាសារដាស់តឿនដល់យុវជនជំនាន់ថ្មីឲ្យពង្រឹងស្មារតីស្រឡាញ់ការសិក្សា ចាប់ផ្តើមធ្វើជំនួញ និងសាងសុភមង្គល។ អ្វីដែលកាន់ពិសេសទៀតនោះ អ្នកឧកញ៉ា ជារឿយៗតែងបានបង្ហោះសារចែករំលែកគន្លឹះកសាងសុភមង្គលគ្រួសារ ដោយកោតសរសើរសម្រស់ដ៏ស្រស់ស្អាតឧត្តមភរិយា លោកជំទាវ ស្រីតូច ចំណាន និងនារីៗនៅលើពិភពលោក ជាមួយពាក្យលួងលោមលើកទឹកចិត្តឲ្យស្រឡាញ់ភរិយា គ្រួសារ និងការងារជាដើម។

អ្នកឧកញ៉ា គិត ម៉េង ធ្លាប់បានថ្លែងថា៖ «ភរិយារបស់ខ្ញុំ ចំណាន តែងតែជាស្ត្រីរឹងមាំបំផុតម្នាក់ដែលខ្ញុំតែងតែលួចស្ងើចសរសើរ ជាស្ត្រីដែលស្គាល់ខ្លួនឯងច្បាស់ ជាស្ត្រីដែលមានគំនិតផ្ទាល់ខ្លួន ចូលចិត្តលើកទឹកចិត្តមនុស្សទូទៅ ជាដៃគូដ៏ល្អឥតខ្ចោះ ជាអ្នកលើកទឹកចិត្តពិសេសរបស់ខ្ញុំ និងតែងតែឈរនៅក្បែរអ្នកជានិច្ច»។
អ្នកឧកញ៉ាផ្តល់តំបូន្មានថា៖ សូមធ្វើជាស្ត្រីរឹងមាំម្នាក់ ដូច្នេះកូនស្រីរបស់អ្នកនឹងមានគំរូស្ត្រីរឹងមាំ ហើយកូនប្រុសរបស់អ្នកនឹងយល់ដឹងពីរបៀបដែលស្ត្រីរឹងមាំរស់នៅក្នុងជីវិតរបស់គាត់ ហើយកូនប្រុសរបស់អ្នកនឹងរៀនពីរបៀបគោរពស្ត្រីជាទូទៅ។
យ៉ាងណា បើក្រឡែកមកមើលការតុបតែងខ្លួនប្រាណរបស់អ្នកឧកញ៉ា ប្រធានអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ស្រីតូច ចំណាន វិញម្តង ឃើញថាមានការកោតសរសើរមិនដាច់ពីមាត់ពីមហាជនអ្នកតាមដានសង្គមហ្វេសបុក ក្នុងការរៀបចំសម្លៀកបំពាក់ស្អាតសមសួនចូលរួមកម្មវិធីតូចធំទាំងផ្លូវការ និងជីវិតឯកជន។

ឧកញ៉ាញូស៍ នៅទំព័រនេះ បង្ហាញរូបភាពនៃការតុបតែងសម្លៀកបំពាក់របស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ កន្លងទៅបានចូលរួមកម្មវិធីទាំងផ្លូវការ និងឯកជនភាព ដែលតែងកាន់ដៃបណ្តើរគ្នាយ៉ាងត្រសងគួរជាទីចាប់អារម្មណ៍៖

















