កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

មុនក្លាយខ្លួនជាឧកញ៉ា បុរសវ័យ៤៧ឆ្នាំរូបនេះ មានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដែលរួមមានដូចជា៖ ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra, ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ, ហាងកាត់សក់ ព្រាប សុវត្ថិ, ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក), គម្រោងដីឡូត៍ ព្រាប សុវត្ថិ, បុរី ព្រាប សុវត្ថិ, អ្នកតំណាងផលិតផលទូរស័ព្ទដៃ Vivo, ទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត Isuzu, ទូតសុឆន្ទៈធនាគារ DGB និងជាទូតសុឆន្ទៈរបស់គម្រោងខុនដូ និងលំនៅឋានប្រណិត Morgan Enmaison រួមទាំងការងារជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។

ព្រាប សុវត្ថិ ជាតារាចម្រៀងប្រុសលំដាប់កំពូលម្នាក់ជាងពីរទសវត្សរបស់កម្ពុជា គិតចាប់ពីលោកប្រឡូកក្នុងវិស័យសិល្បៈដំបូង កាលពីឆ្នាំ១៩៩៧។ ក្រៅពីការងារ និងមុខជំនួញខាងលើ ឧកញ៉ា ព្រាប សុវត្ថិ ក៏មានក្របខ័ណ្ឌនៅក្នុងក្រសួងការពារជាតិផងដែរ ដោយបច្ចុប្បន្នលោកមានឋានន្តរស័ក្តិជាវរសេនីយ៍ឯក និងមានតួនាទីជានាយរងការិយាល័យទី៥ កងទ័ពជើងគោក៕









