សមាគមអ្នកសាងសង់កម្ពុជា បានជួបពិភាក្សាការងារជាមួយវិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ ដែលគ្រោងបោះជំហានជើងចូលប្រឡូកក្នុងទីផ្សារសំណង់កម្ពុជា។

ក្នុងជំនួបនេះធ្វើឡើងរវាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា លោកឧកញ៉ា Tan Khee Meng។

ក្រុមហ៊ុនម៉ាឡេស៊ី ដែលគ្រោងវិនិយោគនៅកម្ពុជាក្នុងនោះ រួមមាន ក្រុមហ៊ុនសំណង់ វិស្វកម្ម ដឹកជញ្ជូន សម្ភារៈសំណង់ ម៉ាស៊ីនត្រជាក់ សេវាការពារអគ្គីភ័យ សេវាវិស្វកម្មអគ្គិសនី និងសេវាប្រព័ន្ធទឹក ជាដើម។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំលើកនេះ អ្នកឧកញ៉ា ពុង ឃាវសែ បានស្វាគមន៍ និងប្ដេជ្ញានឹងជួយសម្របសម្រួលដល់អ្នកវិនិយោគទាំងអស់ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាជួលផ្ដល់យោបល់ក្នុងដំណើរការឈានជើងចូលមកប្រឡូកក្នុងទីផ្សារកម្ពុជា។


បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាទទួលបានលំហូរទុនវិនិយោគដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ី ប្រមាណ ៣,២ពាន់លានអាមេរិក គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងចំណោម វិនិយោគិនពីប្រទេសម៉ាឡេស៊ី បោះទុននៅកម្ពុជា បានវិនិយោគលើវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម និងសំណង់ ចំនួន១៦២គម្រោង៕