ឧកញ៉ា គង់ សាង ជាប់ឆ្នោតធ្វើជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC សម្រាប់អាណត្តិឆ្នាំ២០២២-២០២៣។ ការផ្តល់សេចក្តីទុកចិត្តដល់ឧកញ៉ា គង់ សាង ធ្វើជាប្រធានសមាគមតាមរយៈសន្លឹកឆ្នោត ធ្វើឡើងក្នុងសន្និបាតលើកទី១៥របស់សមាគម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
GMAC ជាសមគមរោងចក្រផ្នែកវិស័យកាត់ដេរដ៏ធំនៅកម្ពុជា។ មុនជាប់ឆ្នោតធ្វើជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឧកញ៉ា គង់ សាង គឺជាអនុប្រធាន ហើយលោក វ៉ាន់ ស៊ូអៀង ជាប្រធាន។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ ជាវិស័យដ៏សំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានដំណើរការ២៥ឆ្នាំហើយ និងបានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ លើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ។
ថ្លែងក្នុងពិធីផ្ទេរដំណែងឧកញ៉ា គង់ សាង បង្ហាញការប្តេជ្ញាចិត្តថា លោក នឹងប្រឹងប្រែងជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលទើបនឹងជាប់ឆ្នោត ដើម្បីដឹកនាំបេសកកម្មរបស់សមាគម ឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត និងដើម្បីគាំទ្រដល់វិស័យកាត់ដេរនៅកម្ពុជា។
សូមបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប។ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញផលិតផល លើវិស័យកាត់ដេរមានចំនួនទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ៕