ក្នុងជំនួបសំណេះសំណាលប្រមុខរាជរដ្ឋាភិបាល បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស (A) ទាំង១,៧៥៣នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់១គ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួនម្នាក់១។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិតជារីករាយដែលបានជួបជាមួយសិស្សដែលបានជាប់និទ្ទេស A ចំនួន ១,៧៥៣នាក់ ក្នុងឆ្នាំ២០២១ ហើយពិតជារីករាយចំពោះចំនួនដ៏ច្រើននេះ។ សម្តេចតេជោបានអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាលទាំងអស់ដែលមានកូនក្លាយជាសិស្សឆ្នើម។
ចំណែក លោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានចូលរួម ម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុងមួយសាលាទទួលបានថវិការ ៣លានរៀល។


ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានសម្តែងនូវការសោកស្តាយផងដែរចំពោះសិស្សានុសិស្សដែលមិនបានប្រលងជាប់ ហើយសម្តេចសង្ឃឹមថា ពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បីប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសនានា។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ នាសាលពិព័រណ៍ OCIC ជ្រោយចង្វារ៕