សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៣ឆ្នាំ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ នាវត្តមុន្នីសុវណ្ណ ហៅវត្តជំពុះក្អែក។
នៅក្នុងពិធីបុណ្យនេះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មកពីតាមក្រសួងស្ថាប័នមួយចំនួនទៀត។
ជាកិច្ចបន្ទាប់សម្តេចព្រះសង្ឃនាយក សម្តេចព្រះនាយករង បានសូត្រមន្តបង្សុកូល ប្រមូលនូវមហាបុណ្យកុសលនានា ឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី។
គួររំលឹកថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះកុរណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រោសព្រះរាជទាន គោរមងារមហាឧបាសិកា ប៊ុន ស៊ាងលី ជាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
អ្នកឧកញ៉ា ប៊ុន ស៊ាងលី ត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាមាតាក្មេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០២:១២ ទៀបភ្លឺ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។
សពអ្នកឧកញ៉ា ត្រូវបានដង្ហែយកទៅបញ្ចុះនៅឯស្រុកកំណើត បន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធ សាសនាខ្មែរ អស់រយៈពេលពេល២យប់៣ថ្ងៃ ដែលមានទីតាំង ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០ ៦ ខែឧសភា ឆ្នាំ២០២០។
ការទទួលអនិច្ចកម្មរបស់អ្នកឧកញ៉ា ប៊ុន ស៊ាងលី ជាការបាត់បង់មួយដ៏ធំធេងនូវ មាតា ជីដូន ជីដូនទួត ដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅ៕