ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត ឯ.ក របស់អ្នកឧកញ៉ា ទ្រី ភាព កំពុងតែដំណើរការអភិវឌ្ឍន៍កោះមួយនេះយ៉ាងសកម្ម ដែលមកដល់ពេលនេះបានលេចចេញជាលទ្ធផលជាបណ្តើរៗហើយ។

លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះថា កោះទន្សាយនេះមានក្រុមហ៊ុនវិនិយោគចំនួន៣រួចមកហើយ តែពុំទទួលបានជោគជ័យនោះទេ ហើយក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុនទី៤ ដែលឈានជើងមកវិនិយោគនៅកោះដែលមានមូលដ្ឋាននៅខេត្តកែបនេះ។ តាមគម្រោងរបស់ក្រុមហ៊ុន កោះទន្សាយនឹងទទួលបានការអភិវឌ្ឍជាជំហានៗ ដែលជំហានដំបូងនេះគឺគ្រោងនឹងធ្វើផ្លូវបេតុងមួយជុំកោះតែម្តង ហើយបច្ចុប្បន្នគ្រឿងចក្រកំពុងតែដំណើរការឈូសឆាយថ្មនិងភ្នំជាដើម។ ផ្លូវនេះរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន ដែលអាចជិះឡានអាគុយកម្សាន្ត ឬជិះកង់បាន។

កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ និងជិះទូករយៈពេលប្រមាណប្រហែល៣០នាទី។ ទីនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសម្រាប់ងូតទឹកសមុទ្រកម្សាន្តសប្បាយបាន៕






