ម្ចាស់បទកាត់ឆុងចេញសារថ្លែងអំណរគុណក្រោយទទួលងារឧកញ៉ា

ជុំវិញ​ឧកញ៉ា

កំពូលតារាចម្រៀងលំដាប់ប្រទេស ព្រាប សុវត្ថិ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្ព្រះមហាក្សត្រកម្ពុជា ​ត្រាស់បង្គាប់​ផ្តល់គោរមងារ​ជាឧកញ៉ា កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានគោរមងារឧកញ៉ា តាមរយៈទំព័រហ្វេសប៊ុកឧកញ៉ា ព្រាប សុវត្ថិ ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ យ៉ាងដូចម្នេះថា៖ ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមថ្លែងអំណរព្រះរាជគុណ ប្រកបដោយសមានចិត្តសប្បាយរីករាយបំផុត ដែលព្រះករុណាថ្លៃវិសេស ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ផ្តល់គោរមងារ « ឧកញ៉ា » ដល់ទូលព្រះបង្គំជាខ្ញុំ ។

ជាមួយគ្នានេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏ខ្ញុំបានថ្លែងអំណរគុណ អរគុណ ដ៍ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់រូបលោម ក្នុងការងារសង្គម និង សិល្ប: ។

លើសពីនេះ លោកក៏អរគុណដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន មិត្តភ័ក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរដល់ខ្ញុំបាទ ក្នុងឱកាសដ៍ថ្លៃថ្លានេះ។

គួរជម្រាបថា មុនក្លាយខ្លួន​ជាឧកញ៉ា បុរសវ័យ៤៧ឆ្នាំរូបនេះ មានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដែល​រួម​មានដូចជា៖ ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra, ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ, ហាងកាត់សក់ ព្រាប សុវត្ថិ, ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក), គម្រោងដីឡូត៍ ព្រាប សុវត្ថិ, បុរី ព្រាប សុវត្ថិ, អ្នកតំណាង​ផលិតផល​ទូរស័ព្ទដៃ Vivo, ទូតសុឆន្ទៈ​របស់ក្រុមហ៊ុន​រថយន្ត Isuzu, ទូតសុឆន្ទៈ​ធនាគារ DGB និង​ជា​ទូត​សុឆន្ទៈ​របស់​គម្រោង​ខុនដូ និងលំនៅឋាន​ប្រណិត Morgan Enmaison រួមទាំងការងារ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​ទៀត៕