ក្រុមហ៊ុន King Technologies Co.,Ltd ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនអ៉ីនធើណិត Opennet ត្រូវបានផ្ទេរឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញ ក្រោយក្រុមហ៊ុនមួយនេះជំពាក់បំណុលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន Opennet។

យ៉ាងណាម៉ិញ ការទិញយកក្រុមហ៊ុន Opennet ក្នុងតម្លៃណាមួយនោះ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយ។ សារព័ត៌មានឧកញ៉ាញូស៍នៅរសៀលថ្ងៃទី ៥ ខែឧសភានេះ បានទាក់ទងទៅក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង សុំការបញ្ជាក់បន្ថែមតាមរយៈទូរសព្ទ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។

កាលពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ចេញលិខិតរួមគ្នាមួយដោយបង្គាប់ឱ្យក្រុមហ៊ុន Opennet ចូលមកទូទាត់ប្រាក់បំណុលក្នុងរយៈពេល ៧ថ្ងៃជាកំហិត។
ក្រសួងប្រៃសណីយនិងទូរគមនាគមន៍រកឃើញថា ជាប់បំណុលរដ្ឋជាង ៦ លានដុល្លារពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។ ក្រុមហ៊ុន Opennet មិនបានសងបំណុលទាំងស្រុងទេ ដោយបានបង់ត្រឹមតែ១.៣ លានដុល្លារ និងគេចវេសបង់ពន្ធដែលនៅសល់ចំនួន ៦.៦ លានដុល្លារ៕