ក្រុមហ៊ុន HGB Group Co, Ltd., ដែលវិនិយោគលើការនាំចូលរថយន្តស៊េរីទំនើបថ្លៃៗ របស់ឧកញ៉ា ង៉ូវ លាងហួត បានឧបត្ថម្ភ រថយន្ត Mazda BT-50 ស៊េរីឆ្នាំ 2022 ចំនួន មួយគ្រឿង ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

តាមរយៈការឧបត្ថម្ភរថយន្ត Mazda BT-50 ស៊េរីឆ្នាំ 2022 ចំនួន មួយគ្រឿងនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ដើម្បីផ្ដល់សេវាថែរក្សាសុខភាព ក្នុងការពិនិត្យនិងព្យាបាលជំងឺនៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ក្នុងបុព្វហេតុលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះកត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។

លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិកររាប់ពាន់នាក់នៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចភាពនឿយហត់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាពិសេសសប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា ស្មារតី និងសម្ភារដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ៕

