នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃដែលពិភពលោក សម្តែងការអបអសាទរទិវាគុណម្តាយ ឬ Happy Mother’s day ជារៀងរាល់ឆ្នាំ។

ក្នុងនាមជាកូន ជាឧត្តមស្វាមី អ្នកឧកញ៉ា គិត ម៉េង តាមរយៈទំព័រហ្វេសប៊ុក ក៏បានថ្លែងសារអបអរទិវាអ្នកមានគុណ ដោយថ្លែងគូសបញ្ជាក់ពី “អ្នកម្តាយ” ឬ “ម៉ែ” គឺជាពាក្យដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅសម្រាប់បុគ្គលនីមួយៗ។ ម៉ែគឺជាប្រភពនៃជីវិត ហើយតំណាងឱ្យសេចក្តីស្រឡាញ់ដ៏បរិសុទ្ធបំផុតដែលគ្មានលក្ខខណ្ឌ។

អ្នកឧកញ៉ា គិត ម៉េង ឧត្តមស្វាមីលោកជំទាវ ស្រីតូច ចំណាន បានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ យើងមិនអាចអរគុណ «ម៉ែ» ឱ្យអស់នោះទេចំពោះការលះបង់ដ៏ធំធេង និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់គាត់ចំពោះពិភពលោក និងក្រុមគ្រួសារនីមួយៗ។ ពួកយើងដឹងថា ពួកយើងគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ម៉ែ ហើយម៉ែគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ពួកយើងដូចគ្នា។ ម៉ែគឺជាមនុស្សដំបូងដែលក្រោកពីគេង ហើយធ្វើអាហារពេលព្រឹកទាំងក្នុងខោអាវដំណេក។ ម៉ែគឺជាអ្នកអង្គុយមើលកូនរាំយ៉ាងសប្បាយ ជាអ្នកគ្រូដែលអានរឿងឱ្យកូនជាប្រចាំ ហើយបង្រៀនកូនឱ្យចេះគូររូប និងផ្តល់ចម្លើយទៅនឹងអ្វីដែលកូនៗចង់ដឹងចង់ឃើញ។ ម៉ែបំពេញការងារផង មើលកូនៗផង ដោយព្យាយាមរក្សាតុល្យភាពការងារ និងយកចិត្តទុកដាក់ចំពោះកូនៗ ដែលទាំងអស់នេះហើយជាគំរូសម្រាប់យើងជាកូនប្រុសស្រី។

ឆ្លៀតឱកាសដ៏ប្រពៃនេះ ដើម្បីអរគុណភរិយារបស់លោកដែលបានផ្តល់ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដល់កូនៗរបស់លោក និងការបន្តបេសកកម្ម និងការរួមចំណែកដ៏មានតម្លៃរបស់អូន ក្នុងការជួយកុមារនៅកម្ពុជា។

អ្នកឧកញ៉ាថ្លែងបន្ថែមថា នេះជាការជូនពរ និងបង្ហាញពីមោទនភាព និងការដឹងគុណដល់អ្នកម្ដាយទាំងអស់។ ថ្ងៃនេះ យើងប្រារព្ធអបអរសាទរភាពស្រស់ស្អាតរបស់ម្តាយ និងភាពជាម្តាយ។ វត្តមានរបស់ពួកគាត់នៅក្នុងជីវិតរបស់យើងគឺជាពរជ័យដ៏ធំបំផុតដែលយើងទទួលបាន។ គ្មានអ្វីក្នុងលោកនេះអាចផ្គូផ្គងក្ដី ស្រឡាញ់របស់ម៉ែ ការយកចិត្តទុកដាក់ ការលះបង់ ការមើលថែ និងការព្រួយបារម្ភរបស់ម៉ែនោះឡើយ៕








