អ្នកឧកញ៉ា ឧកញ៉ា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបន្តដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ បន្តចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុង/ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅរសៀលថ្ងៃទី ៧ ខែឧសភាម្សិលមិញ អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង និងសហការី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា ហេង ឡុង និងសហការី ឧកញ៉ា សៀង ចាន់ហេង និងសហការីអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង។

នៅថ្ងៃអាទិត្យទី៨នេះ ឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសមាគម សហគ្រានធុនតូច​ និងមធ្យមកម្ពុជា​ បានដឹកនាំសមាជិកសមាគមជាច្រើនរូបបានចូលរួម។ ខណៈប្រតិភូដឹកនាំដោយឧកញ៉ា ម៉ម វណ្ឌី ឧកញ៉ា ផន វណ្ណិត ឧកញ៉ា សឿ សុវណ្ណ ឧកញ៉ា យ៉ន សេងហាន ឧកញ៉ា ម៉ន សុខា និងសហការីអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង។

នៅថ្ងៃដដែលនេះ ប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ផងដែរ។

ក្នុងការអញ្ជើញដាក់កម្រផ្កា និងគោរពវិញ្ញាណក្ខន្ធរបស់អ្នកឧកញ៉ា ឧកញ៉ា និងមន្រ្តីរាជការ សុទ្ធតែសម្តែងនូវសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារ នៃសពទាំងអស់ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។

មរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

សពរបស់ ឯកឧត្តម ហ៊ុន ណេង កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទស្អែកនេះ សពសម្តេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕