អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៨ ខែឧសភានេះ ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចាកចេញពីប្រទេសកម្ពុជាដើម្បីបំពេញទស្សនកិច្ចធុរកិច្ចទៅកាន់សហរដ្ឋអាមេរិករយៈពេល ៨ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
តាមការគ្រោងទុកអ្នកឧកញ៉ា គិត ម៉េង នឹងអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្នុងឱកាសនៃទស្សនកិច្ចធុរកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអចូលរួមព្រឹត្តិការណ៍ធុរកិច្ចនានាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន និង រៀបចំកម្មវិធីជំរុញធុរកិច្ចរវាងប្រទេសទាំងពីររួមមាន៖ ជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅទីក្រុងញូយ៉ក ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកនៅញូយ៉ក និងក្រុមហ៊ុនកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច សេដ្ឋកិច្ច និងសិក្សាលទ្ធភាពសហការគ្នាទៅតាមវិស័យនីមួយៗ។

ទន្ទឹមនឹងនោះ ក៏មានជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មអាមេរិក ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន សមាគមអាជីវកម្មសិទ្ធិពិសេសអាមេរិក និងក្រុមហ៊ុនអាមេរិកនិងកម្ពុជា ជាច្រើន។ ជំនួបពាណិជ្ជកម្មនេះ លើកយកប្រធានបទសំខាន់មកជជែកពិភាក្សារួមមាន៖ ទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា អាមេរិក កាលានុវត្តភាពធុរកិច្ចប្រទេសទាំងពីរ កិច្ចពិភាក្សាស៊ីជម្រៅលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា វិស័យសំណង់ និង វិស័យអាជីវកម្មសិទ្ធិពិសេស។ ធុរជននៃប្រទេសទាំងពីរនឹងជួបពិភាក្សា និងពិនិត្យលទ្ធភាពសហការទៅតាមវិស័យរៀងៗខ្លួន។

លើសពីនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បន្តចូលរួមកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិក នៅទីស្នាក់ការកណ្តាលរបស់សភាពាណិជ្ជកម្មអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន និងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មទាំងពីរផងដែរ៕


