អ្នកឧកញ៉ា ម៉ុង ឬទ្ធី គឺជាអ្នករកស៊ីជើងចាស់មួយរូបដ៏មានសក្តានុពល ខណៈនាពេលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា។ បើនិយាយដល់ទំនាក់ទំនងរវាងអ្នករកស៊ីជាមួយមន្រ្តីរដ្ឋាភិបាលពិតណាស់តែងតែកើតមានជាទម្លាប់បង្កើតមិត្តភាពជារឿយៗ។ ពិសេសនោះ កាលលោករកស៊ីនៅទឹកដីខេត្តកំពង់ចាម ដោយមានការសហការជាមួយលោក ហ៊ុន ណេង អតីតអភិបាលខេត្ត។

នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធី គ្រុប បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង បន្ទាប់ចេញមកពីគោរពវិញ្ញាណក្ខន្ធវិញ លោកបានឆ្លងកាត់ខាងមុខអតីតសណ្ឋាគារមេគង្គ ហើយក៏រំលឹកនឹកដល់អនុស្សាវរីយ៍ជាមួយលោក ហ៊ុន ណេង ក្នុងការផ្តួចផ្តើមកសាងសង់សណ្ឋាគារនេះឡើង។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានថ្លែងថា៖ «អតីតសណ្ឋាគារមេគង្គខ្ញុំបានសាងសង់ក្នុងឆ្នាំ១៩៨៧ ហេីយរួចរាល់ជាស្ថាពរចុងឆ្នាំ១៩៨៩ គិតមកដល់ពេលនេះមានអាយុកាល ៣៣ឆ្នាំកន្លងផុតទៅហេីយ ក្នុងតម្លៃ៩៧លានរៀល កាលណោះលោក ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម លោកជាអ្នកផ្តួចផ្តើមគំនិតសាងសង់សណ្ឋាគារនេះឡេីង ដែលបច្ចុប្បន្នបានប្រែក្លាយទៅជា (មន្ទីពេទ្យមេគង្គកំពង់ចាម)»។

លោកបានសង្កត់ធ្ងន់ថា បេីទោះបីគ្រានោះមានការលំបាកគ្រប់បែបយ៉ាង ក៏លោកបានឲ្យសាងសង់សាលាខេត្ត និងពេទ្យកុមា។ល។ នេះលោកគ្រាន់តែរំលឹកពីគុណូបការគុណដែលលោក ហ៊ុន ណេង បានបន្សល់ស្នាដៃមួយចំណែកតូច ក្នុងចំណោមស្នាដៃជាច្រើនឥតគណនាឲ្យកូនចៅជំនាន់ក្រោយៗបានដឹងខ្លះៗតែប៉ុណ្ណោះ។


គួររម្លឹកថា រដ្ឋបាលខេត្តកំពង់ចាម សម្រេចតាមការណែនាំរបស់រដ្ឋាភិបាលឲ្យយកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ។ ក្រោយមកអតីតសណ្ឋាគារនេះត្រូវបានប្តូរមកជាមន្ទីរពេទ្យមេគង្គខេត្តកំពង់ចាមវិញ។
សូមជម្រាបជូនថា លោក ហ៊ុន ណេង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។ លោកត្រូវបានព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី៧ ខែឧសភាម្សិលមិញ ត្រាស់បង្គាប់ផ្តល់គោរមងារជា «សម្តេចឧត្តមទេពញាណ ហ៊ុន ណេង»។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុង/ខេត្តកំពង់ចាម។ នៅថ្ងៃចន្ទស្អែកនេះ សពសម្តេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕