ឧកញ៉ា តែ ឡូរិន ដែលជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន បានប្រគេនរថយន្តទំនើបមួយគ្រឿងម៉ាក Mercedes-Benz V250 AMG Line ឆ្នាំ២០២២ ដល់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាសង្ឃកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង ខេត្តសៀមរាប កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមគណនីហ្វេសបុករបស់ព្រះមហាវិមលធម្ម ពិន សែម។
វត្ថុគោលបំណងដែល ឯកឧត្តម និងលោកជំទាវ គឺដោយសារមានសទ្ធាជ្រះថ្លាជឿកជាក់ក្នុងព្រះពុទ្ធសាសនា និងដើម្បីជួយសម្រួលក្នុងការនិមន្ដធ្វើដំណើររបស់ព្រះអង្គគ្រូ ព្រះមហា ទៅទីជិតទីឆ្ងាយគ្រប់ខេត្តនានារាប់រយគីឡូក្នុងការនិមន្ដទៅសម្ដែងធម៌តាមត្រូវការរបស់ញាតិញោមពុទ្ធបរិស័ទតាមរោងពិធីបុណ្យទាននានាទាំងជិតឆ្ងាយ ជាប្រក្រតីមិនដែលអាក់ខានឡើយ ក្នុងប្រយោជន៍ដែលព្រះអង្គគ្រូ តែងតែមានភាពវិរិយក្នុងការជួយផ្សព្វផ្សាយនូវព្រះពុទ្ធវចនៈ ដល់ជនានុជនទាំងឡាយ ដើម្បីបានជាប្រយោជន៍ជាសេចក្ដីតែម្យ៉ាងគឺជួយឱ្យមនុស្សជាតិបានទទួលការយល់ដឹង និងរលាស់ខ្លួនផុតពីអវិជ្ជាពោលគឺសេចក្ដីល្ងង់ ។
គណនីហ្វេសបុកដដែលបានលើកយកពុទ្ធដីកាមកបញ្ជាក់ថា ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា យានទោ សុខទោ ហោតិ មានន័យថា អ្នកឱ្យយាន ឈ្មោះថាឱ្យនូវសេចក្ដីសុខ។ ក្នុងន័យនេះ ដើម្បីធ្វើការតបស្នងនិងសទ្ធាជ្រះថ្លាដ៏វិសេសវិសាលយ៉ាងក្រៃលេងរបស់ ឯកឧត្តម និងលោកជំទាវ ព្រះមហាវិមលធម្ម ក៏បានអនុគ្រោះទទួលយកនូវយានទាន និងរីករាយត្រេកអរអនុមោទនាចូលរួមបំពេញសទ្ធាជាមួយនិង ឯកឧត្តម និងលោកជំទាវ៕