ឧកញ៉ា អាន ម៉ាឌី ជាអ្នកជំនួញជើងចាស់ដ៏មានសក្តានុពលម្នាក់ ដែលរកស៊ីស្ទើរតែគ្រប់វិស័យ ប៉ុន្តែវិស័យដែលគេមើលឃើញមានភាពលេចធ្លោជាងគេគឺវិស័យកសិកម្ម និងការនាំចេញ ដោយបានដាំដំណាំកៅស៊ូ និងនាំឈើចេញទៅក្រៅប្រទេស។
លោកជាអគ្គនាយកក្រុមហ៊ុន អាន ម៉ាឌី គ្រុប (AN MADY GROUP Co.,Ltd) ដែលវិនិយោគទៅលើការដាំកៅស៊ូ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈក្រុមហ៊ុននេះមានផ្ទៃដីដាំដុះរាប់ម៉ឺនហិចតា។

ក្រុមហ៊ុនឧកញ៉ាដ៏មានឥទ្ធិពលរូបនេះ កំពុងបោះទុនលើវិស័យកសិកម្មផ្នែកកៅស៊ូជាច្រើនខេត្ត រួមមាន៖ តំបន់ឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគ ឋិតនៅស្រុកតាវែង ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ប្រមាណជាង ៦ម៉ឺនហិចតា។ ទន្ទឹមនឹងនោះ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៤,៨ ម៉ឺនតោនទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ កើនឡើង ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយប្រមូលបានប្រាក់ជាង ៧៦ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ហើយជាឈ្មួញដ៏មានឥទ្ធិពលម្នាក់ ត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៣/១៧២ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៣។
កន្លងទៅក្រុមហ៊ុន អាន ម៉ាឌី គ្រុប ក៏បានចូលរួមដាំឫស្សីជានិមិត្តរូបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ស្ថិតនៅឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ គឺចង់បញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការបានចាប់ ផ្តើមអនុវត្តច្បាប់ស្តីពី “ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ” ដែលច្បាប់នេះទើបបានអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ឧកញ៉ា អាន ម៉ាឌី បានប្រាប់លោករដ្ឋមន្ត្រី វេង សាខុន ថា ដោយយល់ឃើញពីសក្តានុពលនៃផលិតកម្មឫស្សី និងដើម្បីចូលរួមអភិវឌ្ឍផលិតកម្មឫស្សី ស្របតាមខ្លឹមសារនៃច្បាប់ខាងលើ ក្រុមហ៊ុនបានដាំឫស្សីលើផ្ទៃដី ២៥ហត ទុកសម្រាប់ធ្វើពូជ បន្ទាប់មកគ្រោងដាំជាលក្ខណផលិតកម្មលើផ្ទៃដីចំនួន ០១ម៉ឺនហិចតា នឹងបង្កើតរោងចក្រកែច្នៃជាសម្ភារ និងគ្រឿងសង្ហារឹមច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងនាំចេញ។
ឆ្លើយតបចំពោះការលើកឡើងរបស់ម្ចាស់ក្រុមហ៊ុន អាន ម៉ាឌី លោកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:របស់ឧកញ៉ា អាន ម៉ាឌី ដែលបានចូលរួមអភិវឌ្ឍផលិតកម្មឫស្សី តាមរយៈការដាំឫស្សីជាលក្ខណឧស្សាហកម្មដើម្បីបំពេញខ្សែច្រវាក់ផលិត កម្មឫស្សីចាប់តាំងពីការផលិតពូជ ដាំ កែច្នៃ និងនាំចេញ។
គម្រោងវិនិយោគនេះគឺកំពុងឆ្លើយតប ទៅនឹងគោលនយោបាយនៃការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ និងជាពិសេសចូលរួមយ៉ាងសកម្មអនុវត្តច្បាប់ស្តីពី “ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ” ។ ម្យ៉ាង វិញទៀត គម្រោងនេះនឹងចូលរួមអភិវឌ្ឍធនធានឫស្សីប្រកបដោយនិរន្តរភាព ទាញយប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច ភាតរបរិស្ថានបៃតង និងបង្កើតគម្របព្រៃឈើ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានស្នើឲ្យក្រុុមហ៊ុនសហការជាមួយរដ្ឋបានព្រៃឈើ បង្កាត់ពូជឲ្យបានច្រើនដើម្បីផ្សព្វផ្សាយជូនក្រុមហ៊ុនផ្សេងៗដែលមានចេតនាចង់ដាំ និងជាពិសេសប្រជាសហគមន៍ដើម្បីដាំ ប្រមូលផលប្រើប្រាស់តាមតម្រូវការ កាត់បន្ថយការប្រើប្រាស់ឈើ និងលើកតម្កើងកម្រិតជីវភាព៕