បងប្អូនបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមមានអ្នកឧកញ៉ាផ្ទាល់, ឧកញ៉ា ឡេង ប្រុស, ឧកញ៉ា ឡេង និមល និងជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានចូលរួមឧបត្ថមថវិកាម្នាក់ ៣ម៉ឺនដុល្លារ សរុបទាំងអស់ ១២ម៉ឺនដុល្លារ ជូនដល់ សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ- TYDA ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះការលះបង់របស់កងទ័ពអាវស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំជំងឺកូវីដ១៩ នៅកម្ពុជា។


ទន្ទឹមនឹងទឹកចិត្តសប្បុរសធម៌ បន្តជួយដល់ការងារសង្គម ក្រុមគ្រូពេទ្យជួរមុខសម្ដេចតេជោនេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហោះរូបភាពអនុស្សាវរីយ៍បងប្អូនបង្កើតទាំង ៤នាក់ កាលពី១៥ឆ្នាំមុន និងរូបភាពចូលរួមក្នុងពិធីសំណេះសំណាល ថ្លែអំណរគុណ និងពិសាអាហារសាមគ្គីជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវី-១៩ យ៉ាងដូច្នេះថា៖ រូបកាលពី15ឆ្នាំមុន និងរូបបច្ចុប្បន្នបងប្អូនយើងរួមសុខរួមទុក្ខជាមួយគ្នាទោះបីគ្រួសារយើងមិនទាន់មានអ្វីធំដុំ តែសកម្មភាពការងារមនុស្សធម៌តែងតែចូលរួម។


មហាជនក៏នៅចាំមិនទាន់ភ្លេចដែរ ពីសកម្មភាពសប្បុរសធម៌របស់បងប្អូនបង្កើតត្រកូលឡេងទាំង ៤រូប ព្រមទាំងក្រុមគ្រួសារ កាលពីដើមខែមុន នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ដែលបានដឹកដៃគ្នា នាំយកនូវថវិកាសរុបចំនួន ២.០០០.០០០ដុល្លារ (ពីរលានដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ។


ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ- TYDA ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាសមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានប្រសិទ្ធនាមថា “កងទ័ពអាវស” ខណៈដែលយុវជន ជាក្រុមគ្រូពេទ្យ TYDA និងក្រុមគ្រូពេទ្យទាហាននៃកងយោធិពលខេមរៈភូមិន្ទ នាពេលកន្លងមក បានរួមដៃគ្នា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ រហូតលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ៕