តួនាទីសភាពាណិជ្ជកម្មកម្ពុជា នៅតាមមណ្ឌលរាជធានី-ខេត្តនីមួយៗ

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្ម ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​ស្តីពី ​សភាពាណិជ្ជកម្ម​​ក្នុង​ឆ្នាំ​១៩៩៥ និង​លិខិតបទដ្ឋានគតិយុត្ដិ​ពាក់​ព័ន្ធនានា​។ សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នមួយ​មិន​សំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុម​ហ៊ុន​សហគ្រាសស្រប​ច្បាប់​​ធុន​តូច​ មធ្យម និង​ធំ គ្រប់វិស័យនៅ​ទូទាំង​ប្រទេស​ អាច​ចូល​ជា​សមាជិក​របស់សភាពាណិជ្ជកម្ម​បានទាំងអស់។ សភាពាណិជ្ជកម្ម ​ដើរតួយ៉ាងសំខាន់ក្នុងការចូលរួម​​ផ្ដល់​យោបល់ជូនរាជ​រដ្ឋាភិបាល ​ដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមាន​ប្រសិទ្ធិ​ភាព​ និង​បង្ក​លក្ខណ:​ធុរកិច្ច​ឲ្យកាន់តែល្អ​ប្រសើរ​។

សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពាណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។

ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជ​កម្ពុជា និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​កណ្តាល-កំពង់ឆ្នាំង បានថ្លែងឱ្យដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា​នេះ​ថា តាមពិត​ការងារ​សភាពាណិជ្ជកម្ម​តាម​មណ្ឌល​រាជធានី-ខេត្ត គឺ​មាន​ច្រើន ដូចជា​ការងារ​សង្គម ការងារ​​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ធ្វើ​ជាប់​រហូត ហើយ​សំខាន់​អាច​ឱ្យ​ពាណិជ្ជករ អាជីវករ ពឹង​ពាក់​ប្រធាន​សភា​ ស្នើ​សុំ​ជួប​រដ្ឋបាល​រាជធានី-ខេត្ត​បាន។

“តាមពិតសភាពាណិជ្ជកម្ម ដើរតួជាមួយរដ្ឋបាលខេត្ត គឺការសម្របសម្រួលមន្ទីរជុំវិញពាក់ព័ន្ធ ឬបញ្ហាប្រឈម​របស់​ប្រជាពលរដ្ឋ​ អាជីវករ ពាណិជ្ជករ​ទាំង​អស់ ក្នុង​ដែនសមត្ថកិច្ច​ខេត្ត​របស់​ខ្លួន។ សម្រាប់​សាធារណៈ​ជន​ទូទៅ ដែល​​​ត្រូវ​ការ​ទាក់ទង​មន្ទីរ ឬ​រដ្ឋបាល​ខេត្ត ហើយ​ពុំ​​សូវ​យល់​ដឹង​ពី​នីតិវិធីរដ្ឋបាល ក៏​អាច​ពឹង​សភាពាណិជ្ជកម្ម​ ឱ្យ​ជួយ​សម្រប​សម្រួល​បាន។ ឧទាហរណ៍៖ ត្រូវការ​សេវា​ដែនដី បង់ពន្ធ ឬ​ចង់​ទៅ​ឆ្លង​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ..។​ បើ​សេវាជាកញ្ចប់ ​ក៏​អាច​​​ប្រគល់​​ឱ្យ​សភាពាណិជ្ជកម្ម អ្នកចាត់ចែង​បាន”។ ឧកញ៉ា សុខ ស្រស់ បាន​បញ្ជាក់​បន្ថែម៕